អំពីវិទ្យាស្ថាន
វិទ្យាស្ថានសភាកម្ពុជា (វ.ស.ក) បានបង្កើតឡើងនៅឆ្នាំ ២០១១ តាមសំណើររបស់សមាជិកសភាកម្ពុជានិងអគ្គលេខាធិការដ្ឋាន សភា ។ វិទ្យាស្ថានមានអណត្តិពីរសំខាន់ៗ៖
• រួមចំណែកដល់ការពង្រឹងសភាកម្ពុជាតាមរយៈការកសាងសមត្ថភាពសមាជិកនិងមន្ត្រីសភា និង
• ចែករំលែកបទពិសោធន៍របស់ខ្លួនជាមួយមួយដៃគូឯទៀត និងសភាក្នុងតំបន់និងអន្តរជាតិ
វិទ្យាស្ថានសភាកម្ពុជា (វ.ស.ក) គឺជាស្ថាប័នដំណើរការនិងការគ្រប់គ្រងថវិកាដោយឯករាជ្យ ហើយប្រកាន់ខ្ជាប់នូវ គោលការណ៍អព្យាក្រិតឥតលំអៀង និងឆ្លើយតបតាមតម្រូវការ ដែលអាចឲ្យសកម្មភាពនានារបស់វិទ្យាស្ថានស្របជាមួយ សកកម្មភាពរបស់សភា ។ សកម្មភាពស្នូលរបស់វិទ្យាស្ថាន គឺ ការកសាងសមត្ថភាព ដែលរួមទាំងវគ្គបណ្តុះបណ្តាលខ្លី ហើយសេវាផ្សេងៗដូចជា សិក្ខាសាលា និងកម្មសិក្សាការី ក៏ដូចជាសកម្មភាពគាំទ្រទំនាក់ទំនងសភាជាមួយម្ចាស់ឆ្នោត
ដូចជា កិច្ចពិគ្រោះយោបល់ជាមួយអ្នកជំនាញ កិច្ចពិគ្រោះយោបល់សាធារណៈ បេសកកម្មស្វែងយល់ និងទស្សនកិច្ចសិក្សា ក្នុងនិងក្រៅប្រទេសជាដើម ។
កម្មវិធីបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់តំបន់នៃការស្រាវជ្រាវសភា
វិទ្យាស្ថានសភាកម្ពុជា(វ.ស.ក) បានរៀបចំ «កម្មវិធីបណ្តុះបណ្តាលគ្រូបង្គោល ថ្នាក់តំបន់នៃការស្រាវជ្រាវសភា» តាមប្រព័ន្ធ អនឡាញ ដែលបានធ្វើឡើងពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ ដោយសហការជាមួយនាយកដ្ឋានអប់រំនៃ សាកលវិទ្យាល័យ Sussex។ សមាសភាពចូលរួមក្នុងសិក្ខាសាលាបណ្តុះបណ្តាលនេះ គឺជា មន្ត្រីមកពីសភាជាសមាជិកនៃ អន្តរសភាអាស៊ាន ដែលរួមមាន មីយ៉ាន់ម៉ា កម្ពុជា ហ្វីលីពីន និងថៃ ដែលធ្លាប់បានចូលរួមកម្មវិធីបណ្តុះបណ្តាលរបស់ វ.ស.កពីកន្លងមក ។
សិក្ខាសាលានៃវគ្គបណ្តុះបណ្តាលសម្រាប់មន្ត្រីសភាស្តីពី “ការរៀបចំ និងប្រព្រឹត្តទៅនៅក្នុងលេខាធិការដ្ឋានគណៈកម្មការសភា” (ថ្ងៃទី២៣ និង ២៤ ខែវិច្ឆិកា ឆ្នាំ២០២០)
សិក្ខាសាលានៃវគ្គបណ្តុះបណ្តាលសម្រាប់មន្ត្រីសភាស្តីពី “ការរៀបចំ និងប្រព្រឹត្តទៅនៅក្នុងលេខាធិការដ្ឋានគណៈកម្មការសភា” បានរៀបចំឡើងក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងថ្មី ដែលបានបង្កើតឡើង តាមរយៈអនុស្សារណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានសភាកម្ពុជា (PIC) និងសភានិយាយភាសាបារាំង l'Assemblée parlementaire de la Francophonie (APF) ។
សិក្ខាសាលាបណ្តុះបណ្តាលស្តីពីការងាររបស់គណៈកម្មការសភា
វិទ្យាស្ថានសភាកម្ពុជា(វ.ស.ក) បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលតាមអនឡាញ មួយ ស្តីពី «ការងាររបស់គណៈកម្មការ សភា» ដែលបានធ្វើឡើងពីថ្ងៃទី១៦ ដល់១៨ ខែវិច្ឆិកា ឆ្នាំ២០២០។សិក្ខាសាលាដែលផ្តោតលើការពង្រឹងសមត្ថភាពមន្រ្តីសភា ដែលមានរយៈពេលបីថ្ងៃនេះ មានការចូលរួមពីមន្រ្តីសភាដែលមកពីបណ្តា ប្រទេសជាសមាជិកសភាអន្តរសភាអាស៊ាន(AIPA) រួមមាន ប្រទេសមីយ៉ាន់ម៉ា កម្ពុជា ឡាវ និងប្រទេសវៀតណាម ដោយមានការចូលរួមធ្វើបទបង្ហាញដោយ មន្រ្តីជាន់ខ្ពស់ពីសភាOntario ប្រទេសកាណាដា។
សិក្ខាសាលានៃវគ្គបណ្តុះបណ្តាលអនឡាញស្តីពី “ការគ្រប់គ្រង និងដឹកនាំ” សម្រាប់មន្រ្តីគ្រប់គ្រងជាន់ខ្ពស់ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជា
នេះគឺជា ឱកាសដ៏ល្អ ដែលអគ្គលេខាធិការដ្ឋាននៃព្រឹទ្ធសភាកម្ពុជា បានសហការជាមួយវិទ្យាស្ថានសភាកម្ពុជា រៀបចំសិក្ខាសាលានៃវគ្គបណ្តុះបណ្តាល តាមប្រព័ន្ធអនឡាញ ស្តីពី “ការគ្រប់គ្រង និងដឹកនាំ” រយៈពេលពីរថ្ងៃ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី១២ និង១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលសិក្ខាសាលាបណ្ណាល័យរបស់ព្រឹទ្ធសភា ។ កម្មវិធីនេះមានការចូលរួមពីមន្រ្តីគ្រប់គ្រងជាន់ខ្ពស់នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចំនួន ៣៦រូប ក្នុងនោះមានស្រ្តីចំនួន ១០រូប ។