វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) និង វិទ្យាស្ថានសភាកម្ពុជា (PIC) ដែល រៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ក្នុងការស្រាវជ្រាវផ្នែកគោលនយោបាយ និងការអភិវឌ្ឍសមត្ថភាពរួមគ្នា។ ពិធីចុះហត្ថលេខានេះ ប្រព្រឹត្តទៅនៅ វិទ្យាស្ថាន CDRI ថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២០ ម៉ោង ៤ ល្ងាច។
វិទ្យាស្ថាន CDRI និង PIC បានយល់ព្រមចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នានេះ ដែលអនុញ្ញាតឲ្យភាគីទាំងពីរ អាចធ្វើការជាមួយគ្នា ដើម្បីសម្រេចគោលបំណងនានា ដោយកំណត់នូវទំនាក់ទំនងការងារ និងធ្វើកិច្ចសហប្រតិបត្តិការរួមគ្នាទាក់ទងនឹងការស្រាវជ្រាវផ្នែកគោលនយោបាយ ច្បាប់ ប្រធានបទស្រាវជ្រាវនានា និងការអភិវឌ្ឍសមត្ថភាព ក្នុងវិស័យដែលភាគីទាំងសងខាងមានការយកចិត្តទុកដាក់ ដែលអាច រួមមាន៖
- ផ្លាស់ប្តូរការស្រាវជ្រាវរវាង CDRI និង PIC
- អនុវត្តសកម្មភាពស្រាវជ្រាវ និងធ្វើការបោះពុម្ពផ្សាយ
- រៀបចំរួមគ្នា និងចូលរួមសិក្ខាសាលា សន្និសីទ ការបំភ្លឺរបស់ជំនាញការ និងសកម្មភាពពាក់ព័ន្ធផ្សេងៗទៀត
- ផ្លាស់ប្តូររវាងគ្នាទៅវិញទៅមកនូវឯកសារសិក្សា និងឯកសារស្រាវជ្រាវ ព័ត៌មានផ្សេងៗ និងសកម្មភាពស្រាវជ្រាវនានា ដែលភាគីទាំងពីរយល់ថា សមស្របតាមអាណត្តិ និងគោលនយោបាយរបស់ភាគីទាំងពីរ។
វិទ្យាស្ថាន CDRI ជាមជ្ឈមណ្ឌលស្រាវជ្រាវដ៏ឆ្នើម ឯករាជ្យ រឹងមាំ មានគំនិតថ្មី ដើម្បីជះឥទ្ធិពលផ្នែកគោលនយោបាយ អភិវឌ្ឍប្រទេសកម្ពុជា។ វិទ្យាស្ថាន CDRI ខំប្រឹងប្រែងធ្វើការស្រាវជ្រាវដែលមានលក្ខណៈឯករាជ្យ មានគុណភាពខ្ពស់ និងជាប់ទាក់ទងល្អដល់គោលនយោបាយអភិវឌ្ឍន៍ ដើម្បីជួយឲ្យអ្នកកសាងគោលនយោបាយ អ្នកមានឥទ្ធិពល និងអ្នកពាក់ព័ន្ធនានា យកលទ្ធផលស្រាវជ្រាវមកប្រើបានច្រើនជាអតិបរមា។
វិទ្យាស្ថាន PIC បង្កើតឡើងនៅឆ្នាំ២០១១ តាមការស្នើសុំរបស់សមាជិក សមាជិកាសភា និងអគ្គលេខាធិការដ្ឋានសភាកម្ពុជា។ វិទ្យាស្ថាន PIC មានបេសកកម្ម ២ គឺ ១) រួមចំណែកពង្រឹងសមត្ថភាពរបស់មន្ត្រី និងសមាជិក សមាជិកាសភា និង ២) ជំរុញឲ្យមានការចែករំលែកបទពិសោធន៍ និងការអនុវត្តល្អរបស់សភាទាំងក្នុងតំបន់ និងអន្តរជាតិ។
ទាញយកសេចក្តីប្រកាស់ព័ត៌មានជាភាសាខ្មែរ
Download the Joint Press Release in English