ទិដ្ឋភាព​ទូទៅ​នៃ​គោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ទី​៥​ ការ​សម្រេច​បាន​នូវ​សមភាព​យេនឌ័រ​ និង​ការ​ផ្ដល់​អំណាច​ដល់​ស្រ្តី​និង​នារី​នៅ​ប្រទេស​កម្ពុជា ឡាវ មីយ៉ាន់ម៉ា​ និង​ថៃ​៖ សិក្ខាសាលា​ស្រាវជ្រាវ​សភា​ថ្នាក់​តំបន់​លើក​ទី​៥នេះ​ បាន​ប្រព្រឹត្តិ​ទៅ​នាថ្ងៃ​ទី​ ១៧​ឆ្នូ​ ឆ្នាំ​២០១៨ នៅ​​ទី​ក្រុង​ភ្នំពេញ។ ព្រឹត្តិការណ៍​នេះ​សហការ​រៀបចំ​ឡើង​ដោយ​​​វិទ្យាស្ថាន​សភា​កម្ពុជា​ (វ.ស.ក) និង​អគ្គលេខាធិការដ្ឋាន​នៃ​ព្រឹទ្ធ​សភា​។

 

សិក្ខាសាលា​នេះ​មាន​អ្នក​ចូល​រួម​ចំនួន​ជាង​ ៧០​នាក់​ ក្នុង​នោះ​មាន​គណៈកម្មការ​ទី​៨ នៃ​រដ្ឋសភា​ ​អគ្គលេខាធិការ នៃ​ព្រឹទ្ធ​សភា ឯកអគ្គរដ្ឋទូត​មីយ៉ាន់ម៉ា​ប្រចាំ​នៅ​កម្ពុជា​ រដ្ឋមន្រ្តី​និង​ជា​អនុប្រធាន​បេសកកម្ម​ការទូត​នៃ​ព្រះរាជាណាចក្រ​ថៃ​ប្រចាំ​នៅ​កម្ពុជា​ តំណាង​មកពី​ដៃគូ​អភិវឌ្ឍន៍​ សហភាព​អឺរ៉ុប តំណាង​អង្គការ​អន្តរជាតិ​ និង​អង្កការ​ក្រៅ​រដ្ឋាភិបាល​ ក្រុមប្រឹក្សា​នាយក​របស់​ វ.ស.ស​ និង​បុគ្គលិក​សភា​មកពី​កម្ពុជា ឡាវ មីយ៉ាន់ម៉ា​ និង​ថៃ​។

កម្មវិធី​អាហារូបករណ៍​ថ្នាក់​តំបន់​ស្ដីពី​ការ​ស្រាវជ្រាវ​សភា​ (RFPPR) ផ្ដោតលើ​ការ​អភិវឌ្ឍន៍​សមត្ថភាព​ និង​ការ​កសាង​ចំណេះដឹង​សម្រាប់​បុគ្គលិក​មកពី​សភា​សមាជិក​អន្តរសភា​អាស៊ាន​ (AIPA) ជាពិសេស​ ប្រទេស​ម្ពុជា​ ឡាវ មីយ៉ាន់ម៉ា និង​ថៃ​។ សម្រាប់​ RFPPR លើក​ទី​៥​នេះ​ យេនឌ័រ​ត្រូវ​បាន​ជ្រើសរើស​ជាប្រធានបទ​ស្រាវជ្រាវ​សំខាន់​ ដោយសារតែ​សារៈសំខាន់​សម្រាប់​កិច្ចការ​ស្រាវជ្រាវ​សភា​ និង​ការ​អភិវឌ្ឍន៍​អន្តរជាតិ​នៃ​ប្រទេស​រៀង​ៗ​ខ្លួន​ ដែល​អនុលោម​តាម​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ និង​ផ្នែក​សំខាន់ៗ​ដែល​ត្រូវ​បាន​កំណត់​ដោយ​ក្រុម​ការងារ​ស្រ្តី​នៃ​សភា​អាស៊ី វេទីកាសភា​អាស៊ី​ប៉ាស៊ីហ្វិច (APPF)​។

ថ្លែងក្នុងពិធីបើកសិក្ខាសាលានេះ ឯកឧត្តម អ៊ុំសារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានគូសបញ្ជាក់ពីសារៈសំខាន់នៃព្រឹត្តិការណ៍នេះថា “​ចាប់​តាំងពីឆ្នាំ ២០១៥ កម្មវិធី​អាហារូបករណ៍​ថ្នាក់​តំបន់​ស្ដីពី​ការ​ស្រាវជ្រាវ​សភា (RFPPR) មិនត្រឹមតែបានបណ្ដុះបណ្ដាលបុគ្គលិកសភាមក​ពីបណ្តាប្រទេសជាសមាជិករបស់ AIPA អំពី​វិធីសាស្រ្តស្រាវជ្រាវ និង ជំនាញសភា ប៉ុណ្ណោះទេ ប៉ុន្តែក៏បានអនុញ្ញាតឱ្យពួកគេបានបញ្ចាប់​ការស្រាវជ្រាវសភា​ក្នុងរយៈពេលប្រាំមួយខែរបស់ខ្លួន​ផង​ដែរ​​។ នៅឆ្នាំនេះប្រធានបទយេនឌ័រត្រូវបានជ្រើសរើសដើម្បីសាកល្បងសមត្ថភាពរបស់ពួកគាត់ ដើម្បីផលិត​ឯកសារស្រាវជ្រាវ​ដោយ​ផ្អែកលើការពិត​ដែលមានព័ត៌មានត្រឹមត្រូវនិងមានតុល្យភាព។ ខ្ញុំជឿជាក់ថាឯកសារស្រាវជ្រាវនេះនឹងជាធនធានសម្រាប់សមាជិកសភាម្នាក់ៗ​ និង​សម្រាប់​​គណៈកម្មការ​សភា​ផងដែរ​។”​

ឯកឧត្តម​បានមាន​ប្រសាសន៍​បន្ថែមថា “​សិក្ខាសាលានៅថ្ងៃនេះ ដែលផ្តោតសំខាន់លើ SDG ៥ មាន​សារៈ​សំខាន់​ខ្លាំង​សម្រាប់សភានៅក្នុងតំបន់និងនៅទូទាំងពិភពលោក។ ប្រធានបទ​យេនឌ័រពាក់ព័ន្ធជាពិសេសទៅនឹងការងាររបស់គណៈកម្មការទី ៨​ នៃរដ្ឋសភា​និង​ព្រឹទ្ធសភាកម្ពុជា​ ដែលផ្តោតលើសុខភាពសាធារណៈ ការងារសង្គម អតីតយុទ្ធជន យុវនីតិសម្បទា ការងារវិជ្ជាជីវៈ​និង​កិច្ចការនារី។”​

ឯកឧត្តម​ អ៊ុំសារឹទ្ធ បានសង្កត់ធ្ងន់ថា សិក្ខាសាលានេះ​នឹង​ផ្តល់ព័ត៌មានស្តីពីស្ថានភាព​សមភាពយេនឌ័រ​ និង​​ការ​ ផ្តល់សិទ្ធិអំណាច​ដល់​ស្ត្រី​និង​នារី​ទាំងអស់នៅក្នុងតំបន់ ​រួមជាមួយការយល់ដឹងសំខាន់ៗ​អំពីវឌ្ឍនភាពដែលបានសម្រេចដើម្បីសម្រេចបាននូវគោលដៅដែលពាក់ព័ន្ធ។ ឯកឧត្តម​បានបន្តទៀតថា ប្រទេសនានាទើបតែចាប់​ផ្តើម​​ដំណើរ​ការ SDG ២០៣០ ហើយ SDG ៥ ជាអាទិភាពមួយសម្រាប់ប្រទេសដូចជាកម្ពុជា។​

ឯកឧត្តម​ អ៊ុំសារឹទ្ធ បានសន្និដ្ឋានថា៖​ “​សិក្ខាសាលានេះ ក៏​ជា​ឱកាសដើម្បីបង្ហាញដល់សមាជិកសភាទាំងអស់​នូវសារៈសំខាន់នៃការអភិវឌ្ឍន៍​សមត្ថភាពក្នុងការស្រាវជ្រាវសភា៖​ នេះអាចផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំមួយដើម្បីជួយសមាជិកសភាក្នុងការអនុវត្តន៍​មុខងារសភារបស់ពួកគេ”​។

បន្ទាប់ពីបើកវគ្គសិក្ខាសាលា អ្នកស្រាវជ្រាវមកពីសភាកម្ពុជា ឡាវ មីយ៉ាន់ម៉ា និង​ថៃ បានធ្វើបទ​បង្ហាញឯកសារស្រាវជ្រាវរបស់ខ្លួន​។ ទាំងនេះគឺជាលទ្ធផលនៃការចូលរួមរយៈពេលប្រាំមួយខែរបស់ពួកគេនៅក្នុងកម្មវិធីអាហារូបករណ៍ថ្នាក់​តំបន់របស់ វ.ស.ក​ ហើយឯកសារ​ស្រាវជ្រាវ​នីមួយ​​ៗ ត្រូវបានផលិតឡើង​ក្រោមការដឹកនាំរបស់ក្រុមអ្នកដឹកនាំក្រុមស្រាវជ្រាវរបស់ វ.ស.ក ដោយមានការចូលរួមពីអ្នកឯកទេសផ្នែកយេនឌ័រមកពី​ខាងក្រៅ។ ប្រធានបទ​តូចៗ​ចំនួន​ប្រាំត្រូវបានជ្រើសរើស៖

១. សមភាពយេនឌ័រ​និង​ការផ្តល់សិទ្ធិអំណាចដល់ស្រ្តីតាមរយៈការសម្រេចចិត្ត

២.​ ភាពជាដៃគូអាស៊ីប៉ាស៊ីហ្វិក​សម្រាប់​សមភាពយេនឌ័រ​ និង​ការផ្តល់សិទ្ធិអំណាចដល់ស្ត្រីនិងនារី​ដើម្បីសន្តិភាព​និង​ការអភិវឌ្ឍន៍​ប្រកបដោយចីរភាព

៣. ការផ្តល់អំណាចដល់ស្រ្តីដើម្បីសម្រេច​បានសមភាពយេនឌ័រ​និងការអភិវឌ្ឍប្រកបដោយចីរភាព

៤. សមភាពយេនឌ័រក្នុងការទទួលបានសេវាសុខភាពនិងមធ្យោបាយនានាដើម្បីសម្រេច​បាន SDGs

៥. សមភាពសំរាប់ស្ត្រីនិងបុរសក្នុងវិស័យអប់រំការ បណ្ដុះបណ្ដាលវិជ្ជាជីវៈ ជំនាញបច្ចេកទេសសម្រាប់​សន្តិភាពនិងសម្រេចបាននូវ SDGs​។

ការធ្វើបទបង្ហាញត្រូវបានបន្ត​ដោយ​ការ​ពិភាក្សាដេញដោល និង​សម្របសម្រួល​​ដោយគ្រូបង្រៀនស្រាវជ្រាវសភា​ជាន់ខ្ពស់របស់ វ.ស.ក​​។

នៅក្នុងសុន្ទរកថារបស់លោកនាយកប្រតិបត្តិនៃ វ.ស.ក​ លោក គឹមយាត ដារ៉ារិទ្ធ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះអ្នកចូលរួម​និងភ្ញៀវកិត្តិយសទាំងអស់។ “​ចាប់ពីខែកញ្ញាឆ្នាំ ២០១៧​ រហូតមកដល់ពេលនេះ ក្រុមអ្នកសិក្សា​ស្រាវជ្រាវ​សភា​មិនត្រឹមតែបានកសាងជំនាញរបស់ពួកគេនៅក្នុងមូលដ្ឋានគ្រឹះនៃការស្រាវជ្រាវសភានោះទេ ប៉ុន្តែ​ពួកគេ​ក៏បានចែករំលែកចំណេះដឹងនិងបទពិសោធន៍ជាមួយគ្នា​ផងដែរ”​​។ “​យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អ្នកជំនាញការជាតិ​និង​អន្តរជាតិដែលបានគាំទ្រសមាជិកក្រុមការងារក្នុងការបញ្ចប់ឯកសារស្រាវជ្រាវរបស់ពួកគេដោយបាន​​ផ្តល់យោបល់និងចែករំលែកការយល់ដឹងរបស់ពួកគេអំពីបញ្ហាយេនឌ័រ”​​។ លោក គឹមយាត ដារ៉ារិទ្ធ ក៏បានមានប្រសាសន៍ផងដែរថា កម្មវិធីអាហារូបករណ៍ថ្នាក់តំបន់គ្របដណ្តប់​ការផ្តល់ចំណេះដឹងនិងការអភិវឌ្ឍសមត្ថភាពដល់បុគ្គលិកនៃសភា AIPA (​សភាសមាជិកសភាអន្តរសភាអាស៊ាន) និងថ្លែងអំណរគុណដល់រដ្ឋសភាកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ​ រួមជាមួយ SIDA (ភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិ Sweedish) SDC (ទីភ្នាក់ងារអភិវឌ្ឍន៍ស្វីសនិង កិច្ចសហប្រតិបត្តិការ) សម្រាប់ការបន្តគាំទ្រនិងចូលរួមយ៉ាងសកម្មនៅក្នុងព្រឹត្តិការណ៍នេះ”​។

លោក គឹមយាត ដារ៉ារិទ្ធ បានសន្និដ្ឋានថា “​អាណត្តិនៅថ្នាក់​តំបន់របស់ វ.ស.ក ត្រូវបានពង្រឹងដោយសេចក្តីសម្រេចរបស់សភាអន្តរសភាអាស៊ាន (AIPA) ស្តីពីកម្មវិធីអភិវឌ្ឍន៍សមត្ថភាពសម្រាប់បុគ្គលិកនៃសភាសមាជិក AIPA ដែលត្រូវបានអនុម័តក្នុងអំឡុងពេលមហាសន្និបាត AIPA លើកទី ៣៧​ នៅទី​ក្រុង​ណៃពី​ដោ​ ​ប្រទេសមីយ៉ាន់ម៉ា​ នៅខែកញ្ញាឆ្នាំ ២០១៦​”​​​។