កម្មវិធី​បណ្តុះបណ្តាល​ថ្នាក់តំបន់​ទៅលើ​ជំនាញ​ការទូត​សភា​ជំនាន់ទី២​ ត្រូវបានចាប់ផ្តើម​នៅថ្ងៃ​ទី​២០​ ខែ​មេសា​ ឆ្នាំ​២០២០​ តាមរយៈ​ការជួបប្រជុំ​តាម​វីដេអូ​។ ទាំងគ្រូជំនាញ​ នាយផ្នែក​ សិក្ខាកាម​ រួមទាំង​វាគ្មិន​ បានចូលរួម​ពិធី​បើក​វគ្គបណ្តុះ​បណ្តាល​នេះ​ ដែលធ្វើឡើង​តាម​ប្រព័ន្ធ​អនឡាញ​ សម្រួល​ដល់​ការណែនាំខ្លួន​និង​ពិភាក្សា​រវាង​វាគ្មិន​ពី​បណ្តា​ប្រទេស​នៅក្នុង​ទ្វីបអាស៊ី​ និងអ៊ឺរ៉ុប។​

ថ្លែង​ក្នុង​សុន្ទរកថា​ស្វាគមន៍​ លោក​ គឹម យាត ដារ៉ារិទ្ធ នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​សភា​កម្ពុជា​(វ.ស.ក)​ បានបញ្ជាក់ពី​ចំណាប់អារម្មណ៍​ទៅលើ​ការបិទមិនដំណើរការ​ដោយសារ​ការរីករាលដាល​នៃ​ការឆ្លងវីរុស​COVID-19 ​ដែលនាំអោយ​មានការផ្លាស់ប្តូរ​យ៉ាងខ្លាំង​នៃ​របៀប​ប្រាស្រ័យ​ទាក់់ទង​របស់ មនុស្ស​។ លោក​បានមានប្រសាសន៍​ថា​ កត្តា​នេះ​ក៏​ជះឥទ្ធិពល​ទៅលើ​ទំនាក់ទំនង​ការទូត​ផងដែរ​ហើយ​ការជួបប្រជុំ​តាមវីដេអូ​នេះ​គឺជា​ឧទាហរណ៍មួយ​ដែល​បញ្ជាក់​ថា​ បច្ចេកវិទ្យា​អាចនាំអោយ​មនុស្ស​កាន់តែ​ខិតជិតគ្នា​ជាងមុន​។​ ស្ថានភាព​នេះ​កាន់តែជំរុញ​អោយ​វ.ស.ក​ មានឱកាស​ពង្រីក​បទពិសោធន៍​នៃ​ «Blended learning» ដែលជា​ការលាយ​បញ្ចូលគ្នា​នៃ​ការរៀន​ទល់មុខគ្នា​ និង​អនឡាញ​ ដែលខ្លួន​មានស្រាប់​ដើម្បីអនុវត្ត​និង​ធានា​ប្រសិទ្ធិភាព​ការងារ​រដ្ឋបាល​ «Blended working»​ និង ការងារ​ផ្សេងៗទៀត​ពី​ចម្ងាយ។

​លោក Mario Pandu Dewono ដែលជា​អគ្គលេខាធិការរង​អន្តរ​សភា​អាស៊ាន​ ហៅកាត់ថា​ AIPA​ (តាងនាម​លោកជំទាវ​ Nguyen Tuong Van អគ្គលេខាធិការ​នៃAIPA​) បានមានប្រសាសន៍​បញ្ជាក់បន្ថែម​ទៅលើ​ចំណាប់អារម្មណ៍​ខាងលើ​ និង​បានស្វាគមន៍​ និង​មានចំណាប់ អារម្មណ៍​ខ្ពស់ថា​ កម្មវិធីនេះ​ជា​ឧទាហរណ៍​នៃការបន្ត​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​រវាង​ AIPA​ និង​ PIC​ និង​ជា​កិច្ចប្រឹងប្រែង​រួម​ដើម្បីពង្រឹង​សមត្ថភាព​ប្រទេស​នៅក្នុង​តំបន់​។

លោកបណ្ឌិត​សាស្រ្តាចារ្យ​ Michel Foucher នាយក​កម្មវិធី​បំពាក់បំប៉ន​ការទូត​សភា​ បានបង្ហាញ​ពី​គោលបំណង​ វិធីសាស្រ្ត​បង្រៀន​ និង​ដំណើការ​នៃវគ្គសិក្សា​។ លោក​បានជំរុញ​លើកទឹកចិត្ត​អោយ​សិក្ខាកាម​ទាំងអស់​ផ្តោតលើ​ការសិក្សា​និង​ការបង្កើន​ទំនាក់ទំនង​យូរអង្វែង​ជាមួយ​អ្នកចូលរួម​ដ៏ទៃ​ទៀត​ ដែលនេះ​គឺជា​ធាតុផ្សំ​ដ៏សំខាន់​នៃ​កម្មវិធីនេះ​។

គ្រូជំនាញ​បរទេស​ដែលបច្ចុប្បន្ន​កំពុងស្នាក់នៅ​តំបន់អាស៊ី​ និង​អឺរ៉ុប​ និង​ជាតំណាង​ស្ថាប័ន​របស់ខ្លួន​ដូចជា​ សភាបារាំង​ អង្គការសហប្រជាជាតិ​ មូលនិធិ​ Max Planck និង the European Institute for Asian Studies (EIAS) ក៏បានផ្តល់​នូវសេចក្តីសង្ខេប​នៃ​ប្រធានបទ​ដែលនឹងត្រូវលើកមកបង្រៀន​និង​រៀន​។ បន្ទាប់មកទៀត​គឺ​ការណែនាំខ្លួន​ពី​សំណាក់​សិក្ខាកាម​ទាំងអស់​អំពី​ព័ត៌មាន​ផ្ទាល់ខ្លួន​ ការងារ​របស់​ពួកគេ​ ព្រមទាំង​ចំណាប់អារម្មណ៍​ខ្ពស់​ដល់​ឱកាស​ចូលរួម​វគ្គសិក្សា​នេះផងដែរ​។

អ្នកសម្របសម្រួល​វគ្គសិក្សា​ blended learning របស់​វ.ស.ក​ ក៏បានផ្តល់ព័ត៌មាន​រួម​ពីវិធីសាស្រ្ត​ និង​មេរៀន​ដែលនឹងត្រូវយកមកសិក្សា​តាមអនឡាញផងដែរ​។

កម្មវិធីសិក្សា​ពី​ជំនាញ​ការទូត​សភា​នេះ​បានចាប់ផ្តើម​ដំណាក់កាល​សិក្សា​តាមរយៈ​អនឡាញ​របស់ខ្លួន​ហើយ​ ដោយ​រំពឹងថា​វគ្គសិក្សា​ផ្ទាល់​ (face-to-face) និង​ សិក្ខាសាលា​ (simulation workshop) នឹង​បន្ត​រៀបចំឡើង​ ក្រោយពី​វិបត្តិវីរុស COVID-19 កន្លងផុតទៅ​។