វគ្គ​បណ្តុះបណ្តាល​នេះ​បាន​ដំណើរការ​ចាប់​ពី​ថ្ងៃ​ច័ន្ទ​ទី​២២ ដល់​ថ្ងៃ​ពុធ​ទី​២៤​ ខែ​មិថុនា​ ឆ្នាំ​២០២០​ នៅ​វិទ្យាស្ថាន​សភា​កម្ពុជា​ ។ ចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ វិទ្យាស្ថាន​បាន​គោរព​តាម​គោលការណ៍​ណែនាំ​ជា​សកល​ក្នុង​ដំណើរការ​វគ្គ​នេះ​ ។

មន្រ្តី​សភា​ចំនួន​ ១២​រូប​ មក​ពី​លេខាធិការដ្ឋាន​អម​គណៈកម្មការ​ និង​នាយកដ្ឋាន​ភូមិភាគ​ ​និង​សមូហភាព​ដែនដី​ នៃ​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​ ដែល​ចូលរួម​ក្នុង​វគ្ក​បណ្តុះបណ្តាល​នេះ សុទ្ធ​តែ​​មាន​​តួនាទី​ និង​ភារកិច្ច​ដោយ​ផ្ទាល់​ក្នុង​ការ​ផ្តល់​សេវា​ដល់​គណៈកម្មការ​ ក៏​ដូចជា​ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ក្នុង​ការ​សម្របសម្រួល​ជាមួយ​ក្រសួង​ ស្ថាប័ន​ ជា​ពិសេស​ទាក់ទង​​ទៅ​​នឹង​​ការ​​រៀបចំ​​វេទិកា​​ ឬ​​បេសកកម្ម​​ត្រួត​​ពិនិត្យ​​នានា​​ ។ សមាសភាព​នៃ​ការ​ចូលរួម​នេះ​ពិត​ជា​ សមស្រប​​ទៅ​នឹង​ខ្លឹមសារ​នៃ​ការ​បណ្តុះបណ្តាល​ ដែល​មាន​បំណង​​ផ្តល់​ចំណេះដឹង​មូលដ្ឋាន​ជូន​ដល់​​សិក្ខាកាម​ពី​គោលការណ៍​គ្រឹះ​នៃ​ការ​ប្រាស្រ័យ​ឆ្លើយឆ្លង​ សារៈសំខាន់​នៃ​ការប្រាស្រ័យ​ឆ្លើយឆ្លង​ចំពោះ​ការ​អនុវត្ត​សកម្មភាព​ការងារ​របស់​សភា​ គោលការណ៍ណែនាំពីរបៀប​រៀបចំ​ កិច្ច​ពិគ្រោះ​យោបល់​សាធារណៈ​ របៀប​ធ្វើ​ផែនការ​ប្រាស្រ័យ​ឆ្លើយឆ្លង និង​ការ​សរសរ​របាយការណ៍បែប​វិភាគ ។

ក្នុង​ផ្នែក​នីមួយៗ​នៃ​ការ​បណ្តុះបណ្តាល​គឺ ​មាន​​ផ្សារ​​ភ្ជាប់​​ជានិច្ច​​រវាង​​ទ្រឹស្តី​ទៅ​នឹង​ការ​អនុវត្ត​ជាក់​ស្តែង​ ។ ​សិក្ខាកាម​​ត្រូវ​​បាន​​លើក​​ទឹកចិត្ត​​ឲ្យ​ចូលរួម​​បញ្ចេញ​​មតិ​យោបល់​​ បទពិសោធន៍​ បញ្ហា​ប្រឈម​នានា​ តាមរយៈ​ការ​ធ្វើ​កិច្ចការ​ជា​ក្រុម​ពី​របៀប​ធ្វើ​ផែនការ​ប្រាស្រ័យ​ឆ្លើយឆ្លង​ របៀប​​រៀបចំ​​វេទិកា​ បេសកកម្ម​ត្រួតពិនិត្យ​ ការ​តាមដាន​ និង​វាយតម្លៃ​ក្រោយ​កម្មវិធី​ និង​ការ​សរសេរ​របាយការណ៍​បែប​វិភាគ​ ។

ក្នុង​ឱកាស​នៃ​ការ​ផ្តល់​វិញ្ញាបនបត្រ​ក្រោយ​ពី​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​ នា​រសៀល​ថ្ងៃ​ទី​២៤​    ខែ​មិថុនា​ ឆ្នាំ​២០២០​ ថ្លែង​ក្នុង​នាម​សិក្ខាកាម​ទាំងអស់​ លោក​ កុល​ សាឃឿន​ បានសម្តែងនូវការ​       អរ​គុណ​ដល់​វិទ្យាស្ថាន​សភា​កម្ពុជា​ ដែល​បាន​រៀបចំ​ឲ្យ​មាន​វគ្គ​​​នេះ ​។ លោក​បាន​មាន​ប្រសាសន៍​ថា​ សមាជិកសភាមានតួនាទី​ចាំបាច់​​ក្នុងការ​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​​ប្រជាពលរដ្ឋ​ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​យល់​ច្បាស់​ពី​តួនាទី​ ភារកិច្ច​របស់​សភា ជួយដោះស្រាយនូវសំណូមពរ និងបញ្ហាប្រឈម ដែល​ប្រជាពលរដ្ឋ​ជួប​ប្រទះ និង​ធ្វើ​បច្ចុប្បន្ន​ភាពពីលទ្ធផល និង​ស្ថានភាព​នៃ​ការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​វិញ​ ។ វគ្គសិក្សានេះពិតជាបាន​ជួយ​កសាង​សមត្ថភាព​របស់​សិក្ខាកាម​ទាំងអស់​ ដើម្បី​ផ្តល់​សេវា​ជូន​សមាជិកសភាឲ្យកាន់តែប្រសើរ ជាពិសេសទាក់ទងនឹង​ការងារ​ប្រាស្រ័យ​ឆ្លើយឆ្លង​ និង​ទំនាក់ទំនង​សាធារណៈ​ ។

លោក ចន គ្រីស្តូហ្វ័រ នាយក​ផ្នែក​អភិវឌ្ឍន៍សមត្ថភាព​​ ដែលផ្តល់វត្តមាន​ចូលរួម​ក្នុង​ឱកាស​​ចែក​​វិញ្ញាបនបត្រ​ បាន​ធ្វើ​ការ​អះអាង​ និង​ឯកភាព​ចំពោះ​ការ​លើក​ឡើង​របស់​ លោក កុល​ សាឃឿន​​ ពី​សារៈសំខាន់​ នៃការ​ប្រាស្រ័យ​ឆ្លើយឆ្លងទៅនឹងការអនុវត្តការងារ​របស់​សភា​ ។ លោក​បាន​បញ្ជាក់​បន្ថែម​ថា ទោះបីជាវគ្គបណ្តុះបណ្តាលនេះបានបញ្ចប់ពិតមែន ប៉ុន្តែបើសិក្ខាកាមទាំងអស់មានចំងល់ ឬជួប​បញ្ហាប្រឈមផ្នែកបច្ចេកទេសទាក់ទងនឹងការងារ សិក្ខាកាម​អាច​ទាក់ទង​មក​វិទ្យាស្ថាន​បាន​គ្រប់​ពេលវេលា ។

យោង​តាម​លទ្ធផល​នៃ​ការ​ស្ទង់​មតិ​ក្រោយ​ពេល​បញ្ចប់​វគ្គ​ សិក្ខាកាម​ទាំងអស់​បាន​បង្ហាញ​ថា​ វគ្គ​បណ្តុះ​បណ្តាល​នេះ​ពិត​ជា​មាន​សារៈសំខាន់​សម្រាប់​ការងារ​របស់​ខ្លួន​ ហើយ​ប្រធានបទ​ទាក់ទង​នឹង​​ការ​សរសេរ​របាយការណ៍​បែប​វិភាគ​ជា​ចំណុច​ដែល​សំខាន់​បំផុត​សំរាប់​សិក្ខាកាម​​យកទៅអនុវត្តក្នុងការងារ ។ ដូច្នេះសិក្ខាកាម​ភាគ​ច្រើន​សំណូមពរ​ឲ្យ​មាន​ការ​ផ្តល់​ការ​បណ្តុះបណ្តាល​បន្ថែម​ទាក់ទង​នឹង​ប្រធានបទ​​នេះ​ និង​សូម​បង្កើន​រយៈពេល​នៃ​ការ​បណ្តុះ​បណ្តាល​ ។