វគ្គបណ្តុះបណ្តាលដូចគ្នា ដែលបានផ្តល់ជូនមន្ត្រី នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកាលពី ថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ត្រូវបានផ្តល់ជូនដូចគ្នាដល់មន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភានាសប្តាហ៍បន្ទាប់ ចាប់ពីថ្ងៃច័ន្ទទី២៩ ខែមិថុនា ដល់ថ្ងៃពុធទី០១ ខែកក្កដា ឆ្នាំ២០២០ នៅវិទ្យាស្ថានសភាកម្ពុជា ។
មន្រ្តីចំនួន ១២រូប ដែលអញ្ជើញមកពីការិយាល័យជំនួយការគណៈកម្មការនានា និងលេខាធិការដ្ឋានអមក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយស្រី្ត (CWPC) ត្រូវបានចាត់តាំងឲ្យចូលរួមវគ្គបណ្តុះបណ្តាលនេះ ។ មន្រ្តីទាំងអស់សុទ្ធតែមានតួនាទី និងភារកិច្ចផ្តល់សេវាដោយផ្ទាល់ជូនគណៈកម្មការ ក៏ដូចជាសមាជិក សមាជិកា ក្នុងការសម្របសម្រួលជាមួយក្រសួង ស្ថាប័ននានា ជាពិសេសទាក់ទងនឹងការរៀបចំបេសកកម្ម និងព្រឹត្តការណ៍នានារបស់គណៈកម្មការ ឬក្រុមសមាជិកា ។
វគ្គបណ្តុះបណ្តាលនេះមានបំណងផ្តល់ជូនសិក្ខាកាម នូវចំណេះដឹងជាមូលដ្ឋានទាក់ទងនឹង មូលដ្ឋានគ្រឹះនៃការប្រាស្រ័យឆ្លើយឆ្លង និងសារៈសំខាន់នៃគោលការណ៍នេះសម្រាប់សកម្មភាពរបស់សភា ។ ក្នុងអំលុងពេលបណ្តុះបណ្តាល សិក្ខាកាមមានឱកាសសិក្សាលម្អិត ពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ជាក់ស្តែងពីរបៀប នៃការរៀបចំកិច្ចពិគ្រោះយោបល់សាធារណៈ ការតាមដានលទ្ធផល វាយតម្លៃក្រោយពេលរៀបចំកិច្ចពិគ្រោះយោបល់សាធារណៈ របៀបធ្វើផែនការប្រាស្រ័យឆ្លើយឆ្លង ការសរសររបាយការណ៍បែបវិភាគ ដែលមានឯកសារស្តីពី គោលការណ៍ណែនាំស្តីពី ការរៀបចំវេទិកា ឬកិច្ចពិគ្រោះយោបល់សាធារណៈ ទម្រង់គំរូពីការរៀបចំផែនការ និងការសរសេររបាយការណ៍បែបវិភាគ ជាឯកសារយោង ។
លោក ចន គ្រីស្តូហ្វ័រ នាយកផ្នែកអភិវឌ្ឍន៍សមត្ថភាព នៃវិទ្យាស្ថានសភាកម្ពុជា ដែលផ្តល់វត្តមានចូលរួមក្នុងឱកាសចែកវិញ្ញាបនបត្រនារសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ បានអបអរសាទរដល់សិក្ខាកាម និងបានបញ្ជាក់ថា “វិញ្ញាសារពិតប្រាកដរបស់ការបណ្តុះបណ្តាលគឺថា សិក្ខាកាមអាចយកចំណេះដឹងទៅប្រើប្រាស់នៅក្នុងការបំពេញការងារបាន ។ យើងសង្ឃឹមថា អ្នកទាំងអស់គ្នានឹងយកអ្វីដែលបានសិក្សាទៅប្រើប្រាស់ និងសម្របទៅនឹងការអនុវត្តការងារប្រចាំថ្ងៃរបស់អ្នក ។”
លោកបានបន្ថែមទៀតថា “ការប្រាស្រ័យឆ្លើយឆ្លងគឺជា ផ្នែកមួយដ៏សំខាន់សម្រាប់ការងារសភា ជាពិសេសលើការងារទំនាក់ទំនង និងសម្របសម្រួលរវាងសភាជាមួយស្ថាប័នពាក់ព័ន្ធ ក៏ដូចជាមួយប្រជាពលរដ្ឋ ។”
ឆ្លើយតបក្នុងនាមតំណាងសិក្ខាកាមទាំងអស់ លោកជំទាវ នន់ ថាវី បានថ្លែងអំណរគុណដល់ វិទ្យាស្ថានសភាកម្ពុជា និងអគ្គលេខាធិការដ្ឋានរដ្ឋសភាដែលបានផ្តល់ឱកាសឲ្យសិក្ខាកាមទាំងអស់បានចូលរួមវគ្គបណ្តុះបណ្តាលនេះ ។ លោកជំទាវ មានប្រសាសន៍ថា “យើងទាំងអស់គ្នាប្តេជ្ញានឹងយកចំណេះដឹងពីវគ្គនេះទៅប្រើប្រាស់ ក្នុងការផ្តល់សេវាជូនគណៈកម្មការ ក៏ដូចជា សមាជិក សមាជិកាសភា តាមតួនាទី និងការទទួលខុសត្រូវរបស់យើង ។”
សិក្ខាកាមបានសំណូមពរ សូមឲ្យវិទ្យាស្ថានពិចារណារៀបចំឲ្យមានវគ្គបណ្តុះបណ្តាលការសរសេររបាយការណ៍ជាភាសាអង់គ្លេស បច្ចេកទេសក្នុងការសរសេររបាយការណ៍បែបវិភាគ ការរៀបចំគំរោង ការធ្វើបទបង្ហាញតាមវីដេអូ និងជួយបង្កើតឲ្យមានទម្រង់គំរូផ្សេងៗ ដើម្បីជួយដល់សម្រួលដល់ការងារ ។
ការរៀបចំវគ្គបណ្តុះបណ្តាលនេះ វិទ្យាស្ថានបានគោរពតាមគោលការណ៍ណែនាំជាសកលពីការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ ១៩ រួមមានដូចជា ការវាស់កំដៅ ការប្រើម៉ាស ការទឹកលាងដៃកម្ចាត់មេរោគ និងការសម្អាតបន្ទប់រៀនមុន និងក្រោយពេលសិក្សាដោយប្រើអាល់កុល ។