មហា​សន្និបាត​របស់​អន្តរសភា​អាស៊ាន​ (អាយប៉ា​) ត្រូវ​បាន​រៀបចំ​តាម​អនឡាញ​ ពី​ថ្ងៃ​ទី​៨ ​ដល់​ថ្ងៃ​ទី​១០​ ខែ​កញ្ញា​ ឆ្នាំ​២០២០​ ដោយ​រដ្ឋសភា​ នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម​​ ទោះ​បី​ជា​ក្នុងកាលៈទេសៈ​ ដែល​មាន​ការ​រីក​រាលដាល​ជា​សកល​នៃ​វិរុស​កូវីដ​ ១៩​ ក៏​ដោយ​ ។

           ជា​ថ្មី​ម្តង​ទៀត​ ក្នុង​ឆ្នាំ​នេះ​ វិទ្យាស្ថាន​សភា​កម្ពុជា​បាន​ទទួល​ការ​អញ្ជើញ​ឲ្យ​ចូលរួម​មហា​​​​​សន្និបាត​នេះ​ ដែល​សមាសភាព​ចូលរួម​ពី​វិទ្យាស្ថាន​មាន​ចំនួន​ ពីរ​រូប​ គឺ​៖ លោក​ ដារ៉ារិទ្ធ​ គឹម យាត​ ជា​នាយក​ប្រតិបត្តិ​ និង លោកស្រី​ គង់​ គន្ធា​ ជា​ប្រធាន​ផ្នែក​ទំនាក់​ទំនង​សភា​ ។

          កាល​ពី​មហា​សន្និបាត​លើក​ទី​៤០​ នៅ​ទីក្រុង​បាងកក​ សភា​ជា​សមាជិក​អាយប៉ា​ បាន​អនុម័ត​បន្ត​អនុស្សារណៈ​ នៃ​ការ​យោគយល់​គ្នា​រវាង​អាយប៉ា​ និង​ វិទ្យាស្ថាន​សភា​កម្ពុជា​ ស្តីពី​ “កម្មវិធី​អភិវឌ្ឍន៍​សមត្ថភាព​សម្រាប់​មន្រ្តី​ នៃ​សភា​ជា​សមាជិក​អន្តរសភា​អាស៊ាន​” ។

         ស្របគ្នាឥតខ្ចោះទៅនឹងមូលបទនៃមហាសន្និបាតអាយប៉ាឆ្នាំនេះ កម្មវិធីពង្រឹងសមត្ថភាពស្តីពី “ការទូតសភា” ដែលរៀបចំ ដោយវិទ្យាស្ថានសភាកម្ពុជាដល់មន្រ្តីនៃសភាជាសមាជិកអាយប៉ាបានគ្របដណ្តប់លើប្រធានបទដែលផ្តោតលើបញ្ហាឆ្លងប្រទេស ច្បាប់អន្តរជាតិ ការប្រាស្រ័យឆ្លើយឆ្លងអន្តរជាតិ រហូតដល់បច្ចេកទេស ដែលត្រូវប្រើប្រាស់ក្នុងការគាំទ្រ កិច្ចការការទូតសភា ។

​​        ដូចដែលបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ប្រធានសភាតំណាងរបស់ប្រទេសម៉ារ៉ុក នៅក្នុងស្ថានភាពលំបាក “ការទូតសភាជាឧបករណ៍កាន់តែសំខាន់នៅក្នុងកិច្ចសហប្រតិបត្តិការ អន្តរជាតិ” ។