លំហាត់អនុវត្តន៍កម្មវិធីបណ្តុះបណ្តាលការទូតសភាថ្នាក់តំបន់ប្រចាំឆ្នាំលើកទី ២ របស់ វិទ្យាស្ថានសភាកម្ពុជា (PIC) បានចាប់ផ្តើម នៅថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២០ ។ លំហាត់អនុវត្តន៍នេះ យកលំនាំ តាមកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី ១១ (ASEP 11) ដែលនឹងប្រារព្វធ្វើនាពេលខាងមុខនេះ​ ហើយសិក្ខាសាលាការអនុវត្តជាក់ស្តែងនេះ គឺជាដំណាក់កាល ចុងក្រោយនៃកម្មវិធីថ្នាក់តំបន់សម្រាប់ការទូតសភា (RFPPD) វគ្គទី២ របស់ PIC។

      ព្រឹត្តិការណ៍រៀបចំតាមរយៈសន្និសីទវីដេអូ ចាប់ផ្តើមដោយអ្នកការទូតដែលជាអតីត​ឯកអគ្គរដ្ឋ​ទូត ​ហើយឥឡូវនេះជានាយក កម្មវិធី RFPPD គឺ លោក មីហ្សែល ហ្វូហ្សេ និងមន្ត្រីសភា មកពីប្រទេស កម្ពុជា មីយ៉ាន់ម៉ា និងហ្វីលីពីនផងដែរ។ សុន្ទរកថា របស់លោក​សាស្រ្តាចារ្យ មីហ្សែល ហ្វូហ្សេ បានសង្កត់ធ្ងន់ថា សភាដែល សកម្មមានតួនាទីដ៏មានតម្លៃក្នុងការជួយដោះស្រាយ បញ្ហានានា មិនត្រឹមតែកម្រិតជាតិប៉ុណ្ណោះទេ ប៉ុន្តែកម្រិតតំបន់និងអន្តរជាតិផងដែរ។

     អត្ថិភាពចម្បងក្នុងការរៀបចំលំហាត់អនុវត្តនេះឡើងគឺដើម្បីផ្តល់ឱកាសដល់មន្ត្រីសភាដែលបាន ចូលរួមកម្មវិធីការទូតសភា ថ្នាក់តំបន់នេះដើម្បីអនុវត្តនូវនីតិវិធី និងជំនាញដែលចាំបាច់ដើម្បីជួយ សភារបស់គេ រៀបចំកិច្ច ​ប្រជុំការទូតសភា និង ព្រឹត្តិការណ៍នានា ។ លំហាត់អនុវត្តន៍នេះមានប្រធានបទចំនួន ៣ ដែលមានឧទាហរណ៍ជ្រើសរើស ដើម្បីផ្តល់ព័ត៌មានឲ្យ អ្នកចូលរួមយល់អំពី បញ្ហា ដែល មានទាំងបច្ចុប្បន្ននិងអចិន្រ្តៃយ៍ និងឈ្វេងយល់ពីតួនាទីរបស់សភាក្នុងការ ដោះស្រាយបញ្ហា នីមួយៗ។

     តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាអនឡាញ មន្ត្រីសភាថ្នាក់តំបន់ អ្នកជំនាញការទួតសភា និង អ្នកសម្របសម្រួល PIC នៅថ្ងៃ ដំបូងនៃកម្មវិធីបានរួមគ្នាស្វែងរកការឆ្លើយតបប្រកបដោយ ប្រសិទ្ធភាព ចំពោះបញ្ហាណាដែលប៉ះពាល់ ដល់អាស៊ី និង អឺរ៉ុប ជាពិសេស តំបន់អាស៊ាន។

      ការពិភាក្សាផ្តោតលើរបៀបដែលសភាអាចឆ្លើយតបបានយ៉ាងល្អបំផុតចំពោះបញ្ហាប្រឈមសង្វាក់ផ្គត់ផ្គង់ក្នុងពិភពលោក ក្រោយពីការរាតត្បាតនៃមេរោគកូវីដ-១៩ ដោយផ្តោតលើផែនការសកម្មភាព បន្ស៉ាំសេដ្ឋកិច្ចអាស៊ាន - ជប៉ុន។ មន្ត្រីសភាថ្នាក់តំបន់បាន​ប្រើចំណេះដឹង និងបច្ចេកទេសដែលបានរៀនក្នុងដំណាក់កាលដំបូង​នៃ​ការបណ្តុះបណ្តាល​ RFPPD ដើម្បី ស្នើឱ្យមានការឆ្លើយតបមួយចំនួន ​ដែលរួមមានវិធីនានាដែលសភាជាតិនីមួយៗ និងអង្គការអន្តរសភាអាចធ្វើការរួមគ្នា ១) ដើម្បីពង្រឹង កិច្ចសហប្រតិបត្តិការ ២) ដើម្បីអភិវឌ្ឍខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ឆ្ពោះទៅរកទីផ្សារអាស៊ានតែមួយប្រកបដោយ ការប្រកួតប្រជែង ៣) ដើម្បីផ្តល់ការគាំទ្រដែលសហគ្រាសធុនតូច និងមធ្យម ត្រូវការ និង ៤) ដើម្បីលើកទឹកចិត្តដល់ការ វិនិយោគផ្ទាល់ពីបរទេសតាមលក្ខខណ្ឌការពារ​បរិស្ថាន​ជាក់លាក់។

      ចាប់ពីថ្ងៃទី ២ រហូតដល់ថ្ងៃទី ៤ នៃកម្មវិធី មន្ត្រីសភាថ្នាក់តំបន់ នឹងពិនិត្យឱ្យស៊ីជម្រៅលើ បទប្បញ្ញត្តិនានាទាក់ទងនឹងកម្មសិទ្ធិ​បញ្ញាអន្តរជាតិ និងតួនាទីនៃកិច្ចព្រមព្រៀង ពាណិជ្ជកម្មទ្វេភាគី និងតំបន់នៅក្នុងក្របខ័ណ្ឌពហុភាគីធំមួយ។ មន្ត្រីសភាថ្នាក់តំបន់ នឹងរៀនអំពីទស្សនៈអឺរ៉ុបទាក់ទង នឹងបញ្ហាមួយចំនួន ហើយពិភាក្សាជាមួយគ្នា ថាតើការយល់ស្របគ្នារបស់ AIPA-EP លើ ប្រធានបទទាំងនោះអាចទៅរួចទេ ហើយថាតើវាអាចមានទិដ្ឋភាពដូចម្ដេច។

      នៅថ្ងៃចុងក្រោយនៃលំហាត់អនុវត្តន៍ គណៈកម្មាធិការព្រាងសេចក្តីប្រកាសមួយដែលត្រូវបានជ្រើសរើស​ដោយអ្នកចូលរួម ជាមន្ត្រីសភាថ្នាក់តំបន់នឹងធ្វើការដើម្បីបញ្ចូលជំហរ ដែលបានព្រមព្រៀង ដោយសភានីមួយៗទៅក្នុងសេចក្តីប្រកាសចុងក្រោយ ដែលបន្ទាប់មកនឹងត្រូវបានបោះឆ្នោត និងអនុម័ត ដោយផ្តល់នូវការឯកភាពគ្នា។