ចាប់ពីថ្ងៃទី១៥ ដល់ទី១៧ ខែកញ្ញា ឆ្នាំ២០២០ វិទ្យាស្ថានសភាកម្ពុជាបានចូលរួម សិក្ខាសាលាតំបន់តាមអនឡាញ ស្តីពី “វិធីសាស្រ្តបញ្រ្ជាបសិទ្ធិមនុស្ស និងសមភាពយេនឌ័រ” ដែលរៀបចំដោយការិយាល័យតំបន់ នៃទីភ្នាក់ងារស៊ុយអែត ដើម្បីកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍អន្តរជាតិ (Sida) ប្រចាំនៅទីក្រុងបាងកក ។
គោលបំណងចំបងនៃសិក្ខាសាលានេះគឺ ដើម្បីប្រមូលយោបល់ពីអ្នកចូលរួមទៅលើ សេចក្តីព្រាងរបាយការណ៍ ដែលពិនិត្យមើលពីវិធីសាស្រ្តបញ្ជ្រាបសមភាពយេនឌ័រ និង
សិទ្ធិមនុស្សទៅក្នុងគម្រោងកិច្ចសហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍របស់ប្រទេសស៊ុយអែត នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២១ ។
សេចក្តីព្រាងរបាយការណ៍នេះបានគូសបញ្ជាក់ពីសាវតារ បទពិសោធន៍គន្លឹះ និង អនុសាសន៍សម្រាប់ Sida និងដៃគូររបស់ Sida ពីរបៀបបញ្រ្ជាបសិទ្ធិមនុស្ស និងសមភាពយេនឌ័រទៅក្នុងកម្មវិធី និងគំរោងនានា ។
សិក្ខាសាលានេះបានដំណើរការយ៉ាងរស់រវើក ដោយអ្នកចូលរួមបាននាំគ្នាពិភាក្សា និងផ្លាស់ប្តូរគំនិត និងបទពិសោធន៍យ៉ាងសកម្មពីវិធីសាស្រ្តរបស់ស្ថាប័នរៀងៗខ្លួន ដែលប្រើក្នុងការបញ្រ្ជាបសិទ្ធិមនុស្ស និងសមភាពយេនឌ័រ ។ បន្ទាប់ពីបញ្ចប់សិក្ខាសាលានេះ ក្រុមការងារនឹងរៀបចំរបាយការណ៍ចុងក្រោយសម្រាប់ Sida ពីលទ្ធផលនៃការពិនិត្យសិក្សាពីវិធីសាស្ត្របញ្រ្ជាបសមភាពយេនឌ័រ និងសិទ្ធិមនុស្សទៅ
កម្មវិធី និងគម្រោងនានា ។