នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ វិទ្យាស្ថានសភាកម្ពុជា និងអតីតសិក្ខាកាមនៃកម្មវិធី បណ្តុះបណ្តាលការវិភាគសារពើពន្ធ (FACT) បានចូលរួមកម្មវិធី “ទិវាកម្ពុជា” តាមរយៈប្រព័ន្ធ អនឡាញ ដែលរៀបចំដោយទីភ្នាក់ងារស៊ុយអែត ដើម្បីកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍អន្តរជាតិ (Sida) នៅទីក្រុងស្តុកខូម (Stockholm) សម្រាប់អាជ្ញាធរស៊ុយអ៊ែត ដែលបំពេញការងានៅកម្ពុជា ជាពិសេសជាមួយកម្មវិធីភាពជាដៃគូសម្រាប់គណនេយ្យភាព និងតម្លាភាព (PAT)។
គោលដៅនៃកម្មវិធីកន្លះថ្ងៃនេះ គឺដើម្បីបិទបញ្ចប់ដំណាក់កាលទី១ នៃកម្មវិធី PAT ដោយប្រមូលផ្តុំឲ្យមានការចូលរួមពីអ្នកពាក់ព័ន្ធ ដើម្បីចែករំលែកនូវបទពិសោធន៍ និងការយល់ឃើញទៅវិញទៅមក ។ ក្នុងកម្មវិធីនេះ មានការធ្វើបទបង្ហាញលើប្រធានបទជាច្រើន រួមមានទាំងប្រធានបទទាក់ទងនឹងផលប៉ះពាល់នៃវីរុស Covid-19 ចំពោះកម្ពុជា លើវិស័យសេដ្ឋកិច្ច ភាពក្រីក្រ និងបញ្ហាប្រឈមនៃស្ត្រីក្នុងភាពជាអ្នកដឹកនាំជាដើម ។ ក្នុងនោះក៏មានកិច្ចពិភាក្សាផងដែរ ពីមេរៀនពីការអនុវត្តកម្មវិធី PAT និងទិសដៅបន្ត ។
ឆ្លៀតក្នុងឱកាសនោះ អតីតប្រធានក្រុមកម្មវិធី FACT ដោយសហការជាមួយនឹងអតីតសិក្ខាកាមនៃកម្មវិធីនេះ ដែលបច្ចុប្បន្នត្រូវបានធ្វើសមាហរណកម្មបញ្ចូលទៅក្នុងនាយកដ្ឋានស្រាវជ្រាវថវិកា នៃព្រឹទ្ធសភាកម្ពុជា បានចែករំលែកពីការយល់ឃើញចំពោះ របាយការណ៍ស្ថិតិផ្នែកយេនឌ័ ស្តីពី បញ្ហាប្រឈមរបស់ស្ត្រីក្នុងភាពជាអ្នកដឹកនាំ៖ ការរកឃើញសំខាន់ៗ ពីការវិភាគស្ថិតិយេនឌ័រ ។
របាយការណ៍នេះត្រូវបានបោះពុម្ពផ្សាយដោយអគ្គលេខាធិការដ្ឋាន នៃរដ្ឋសភាកម្ពុជា ។