វិទ្យាស្ថានសភាកម្ពុជា(វ.ស.ក) បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ការទទួលខុសត្រូវសភា ដែលបានប្រព្រឹត្តទៅ រយៈពេល៥សប្តាហ៍ ពីថ្ងៃទី០៥ ខែតុលា ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០។

វិទ្យាស្ថានសភាកម្ពុជា(វ.ស.ក) បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ការទទួលខុសត្រូវសភា ដែលមានរយៈពេល ៥សប្តាហ៍ ពីថ្ងៃទី០៥ ខែតុលា ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០។

នៅក្នុងកម្មវិធីបើកសិក្ខាសាលា មានអ្នកចូលរួមប្រមាណ៦៥រូប មកពីបណ្តាប្រទេសដែលជាសមាជិកអាយប៉ា (AIPA) រួមមាន កម្ពុជា ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វ៊ីលីពីន ថៃ និងវៀតណាម។ ដោយសារតែវិបត្តិកូវីដ-១៩ សិក្ខាសាលាបណ្តុះបណ្តាល ចុងក្រោយនេះ​នឹងធ្វើឡើងតាមរយៈប្រព័ន្ធអនឡាន ក្រោមប្រធានបទ “ទិដ្ឋភាពទូទៅនៃការទទួលខុសត្រូវ របស់សភា៖ ការពង្រឹងស្ថាប័ន”។

ថ្លែងក្នុងពិធីបើកកម្មវិធីនេះ លោក គឹម យាត ដារ៉ារិទ្ធ នាយកប្រតិបត្តិនៃវ.ស.ក បានលើកឡើងពីចំនុចសំខាន់​នៃការបន្ត រៀបចំសិក្ខាសាលានេះឡើង ទោះជានៅក្នុងកាលៈទេសៈដែលកំពុងមានវិបត្តិនេះក៏ដោយ ព្រោះសិក្ខាសាលានេះ “មិនត្រឹមតែ ផ្តល់នូវឱកាសរៀនសូត្រដោយផ្អែកលើតម្រូវការទៅអោយមន្រ្តីសភានៅក្នុងតំបន់តែប៉ុណ្ណោះទេ គឺថែមទាំងជម្រុញទំនាក់ទំនង និងផ្លាស់ប្តូរបទពិសោធន៍រវាងសភាតាមរយៈកិច្ចសហប្រតិបត្តិការ” ទៀតផង។ លោកបានប្រាប់ទៅអ្នកចូលរួមថា វ.ស.កសង្ឃឹមថា សិក្ខាសាលានេះ “នឹងបំផុសការយល់ឃើញ ថាតើគំនិតថ្មីអាចយកមកប្រើប្រាស់តាមវិធីណា នៅក្នុងស្ថានភាពជាក់ស្តែង និងនៅក្នុងបរិបទ​សភារបស់ខ្លួននីមួយៗ ដែលអាចជួយដល់ការពង្រឹងស្ថាប័ន”។

យោងតាមមតិចំណាប់អារម្មណ៍របស់លោកនាយកប្រតិបត្តិ ប្រធានបទនៅក្នុងការបណ្តុះបណ្តាលតាមរយៈប្រព័ន្ធអន​ឡាញ​នេះ ត្រូវបានជ្រើសរើសឡើងដើម្បី ជម្រុញការចែករំលែកចំណេះដឹងពីកិច្ចការសភា​ ក្នុងចំនោមប្រទេសដែល​​ជាសមាជិកសភាអាយប៉ា ក្នុងគោលបំណងរួមចំណែកក្នុងការពង្រឹងសមត្ថភាព​ស្ថាប័នទាំងនោះ។ វគ្គបណ្តុះ​បណ្តាលនេះត្រូវបានបែងចែកជា០៦ មេរៀន ដោយផ្តោតលើមុខងារចម្បងទាំង០៣ របស់សភា ដែលរួម​មាន​៖ មុខងារនីតិកម្ម មុខងារជាតំណាង និងមុខងារត្រួតពិនិត្យ និងអមដោយដោយប្រធានបទផ្សេងៗ​ទៀត​រួមទាំងកិច្ចការសភានៃសភាផ្សេងៗ ប្រព័ន្ធនយោបាយ និងការទូតសភាផ្សេងៗ។ ​

មេរៀនទី១ ផ្តល់នូវការធ្វើបទបង្ហាញការងារសភា បញ្ហាប្រឈម និងការរំពឹងទុកពីប្រទេសជា​សមាជិក​អាស៊ាន។ មេរៀនទី២ ផ្តោតលើទស្សនទានស្តីពីប្រព័ន្ធនយោបាយនានានៅក្នុងប្រទេសកាណាដា បារាំង និងប្រទេសស្វីស និងសេចក្តីផ្តើមអំពី សភាសហភាពអឺរ៉ុប។ មេរៀនទី៣ គឺការចែករំលែក​នូវ​ឧត្តមានុវត្តន៍ (best practices) ពាក់ព័ន្ធនឹងមុខងារនីតិកម្ម នៅក្នុងប្រទេសបារាំង និងប្រទេសស្វីស និង​សារៈសំខាន់នៃ​ការ​​ស្រាវ​ជ្រាវសភា។ មេរៀនទី៤ ធ្វើការបង្ហាញតួនាទីសភា​ និងពិភាក្សានូវប្រធានបទស្តីពី​ការចុះ​មូល​ដ្ឋាន និងទំនាក់ទំនង។ មេរៀនទី៥ គឺស្តីពីអំពីមុខងារត្រួតពិនិត្យ និងមេរៀនទី៦ គឺស្តីពីការទូតសភា។

វាគ្មិនក្នុងការបណ្តុះបណ្តាលនេះគឺមកពី AIPA ព្រឹទ្ធសភានិងរដ្ឋសភាបារាំង សភាថ្នាក់រដ្ឋ Zurich នៃប្រទេសស្វីស និងសភានៃOntario និងវិទ្យាស្ថានសភាកម្ពុជា។​

លោកជំទាវ Nguyen Tuong Van អគ្គលេខាធិការនៃAIPA បានបង្ហាញនូវការកោតសរសើរដល់វិទ្យាស្ថានសភាកម្ពុជា ក្នុងការរៀបចំវគ្គបណ្តុះបណ្តាល​នេះថា «ខ្ញុំសូមសំដែងនូវការកោតសរសើរ​​លើប្រធានបទ សម្រាប់វគ្គសិក្ខាសិលានេះ ដែលរួមចំណែកក្នុងការពង្រឹងនូវចំណេះដឹងទាំងទ្រឹស្តី និងការអនុវត្តនៃមន្ត្រីសភា លើការទទួលខុសត្រូវរបស់សភា នៅក្នុងការពង្រឹងស្ថាប័ន។ សិក្ខាសាលានឹងជួយធ្វើឱ្យមានចំណេះដឹងប្រសើរឡើង អភិវឌ្ឍជំនាញ និងសមត្ថភាពរបស់មន្ត្រីសភា ដើម្បីគាំទ្រសមាជិកសភាកាន់តែប្រសើរក្នុងការបំពេញតួនាទី ដែលកំណត់ដោយរដ្ឋធម្មនុញ្ញរបស់ខ្លួន»។

 

តំណភ្ជាប់វីដេអូនៃសន្ទរកថាថ្លែងក្នុងពិធីបើកកម្មវិធី