នៅថ្ងៃទី ១៦ ខែតុលាឆ្នាំ ២០២០ វិទ្យាស្ថានសភាកម្ពុជា (PIC) បានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ស្តីពី កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូក្នុង ការស្រាវជ្រាវផ្នែកគោលនយោបាយ និងការអភិវឌ្ឍសមត្ថភាពរួមគ្នា

      ភាគីទាំងពីរបានឯកភាពធ្វើការរួមគ្នាលើការស្រាវជ្រាវគោលនយោបាយ ច្បាប់ និងលើប្រធានបទផ្សេងៗ និងការអភិវឌ្ឍសមត្ថភាពក្នុងវិស័យដែលមានប្រយោជន៍ដល់គ្នាទៅវិញទៅមក ដោយផ្តោតលើចំណុចសំខាន់ៗដូចជា៖ ការផ្លាស់ប្តូរការស្រាវជ្រាវ ការអនុវត្តសកម្មភាពរួមគ្នាលើការស្រាវជ្រាវ និង បោះពុម្ពផ្សាយ ការចូលរួម និងរៀបចំសិក្ខាសាលា សន្និសីទ ការពិគ្រោះយោបល់បច្ចេកទេសរួមគ្នា និងការផ្លាស់ប្តូរឯកសារសិក្សា ស្រាវជ្រាវ ក៏ដូចជាសកម្មភាពស្រាវជ្រាវ និងសិក្សាផ្សេងៗ ។

        លោក គឹម យាត ដារ៉ារិទ្ធ នាយកប្រតិបត្តិរបស់ PIC និង បណ្ឌិត ប៉ិច សុខេម នាយកប្រតិបត្តិរបស់ CDRI បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា ដែលបានធ្វើឡើងនៅទីស្នាក់ការរបស់ CDRI ដែលមានទីតាំងនៅរាជធានីភ្នំពេញ ។ នៅក្នុងចំណាប់អារម្មណ៍របស់ បណ្ឌិត ប៉ិច សុខខេម លោកបានសង្កត់ធ្ងន់ថា ភាពជាដៃគូនេះនឹងពង្រឹងសមត្ថភាពរបស់ស្ថាប័នទាំងពីរ ក្នុងការផ្តល់សេវាស្រាវជ្រាវដល់អ្នកពាក់ព័ន្ធ ។ លោកបានបន្ថែមថា «CDRI ក្នុងនាមជាក្រុមផ្តល់គំនិត ដែលមានអាយុកាលជាង ៣០ ឆ្នាំ មកនេះ បានបោះជំហានបន្ថែម ដោយពង្រីកសមត្ថភាព ស្រាវជ្រាវរបស់ខ្លួនលើវិធីសាស្ត្របច្ចេកទេស និងការស្រាវជ្រាវលើប្រធានបទ ដែលជាតម្រូវការ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសកម្ពុជា” ។ លោក គឹម យាត ដារ៉ារិទ្ធ ក៏បានបញ្ជាក់បន្ថែមថា អនុស្សរណៈនៃការយោគយល់គ្នានេះនឹង បង្កើតឲ្យមានបរិយាកាសល្អសម្រាប់ CDRI និង PIC ធ្វើការបំពេញឲ្យគ្នាទៅវិញទៅមក​ តាមរយៈការស្រាវជ្រាវលើ

      ប្រធានបទប្រហាក់ប្រហែលគ្នា តែប្រើប្រាស់វិធីសាស្ត្រផ្សេងគ្នា ។ លោកបានមានប្រសាសន៍លម្អិតបន្ថែមថា នៅកម្ពុជា CDRI ប្រើប្រាស់វិធីសាស្រ្តស្រាវជ្រាវប្រមូលទិន្នន័យដើម សម្រាប់អង្គនីតិប្រតិបត្តិ រួមមានក្រសួង សំខាន់ៗមួយចំនួននៅក្នុងរដ្ឋាភិបាល ខណៈដែល PIC ផ្តោតលើការជួយពង្រឹងសមត្ថភាពដល់មន្រ្តីសភា ដែលអាចឱ្យពួកគេមានលទ្ធភាពផ្តល់សេវា ស្រាវជ្រាវសភាសម្រាប់អង្គនីតិប្បញ្ញត្តិ (ព្រឹទ្ធសភា និងរដ្ឋសភា) ។ លោកបានបន្ដទៀតថា ភាពជាដៃគូនេះក៏អាចជួយដល់ ការសកម្មភាពពង្រឹងសមត្ថភាពដល់សភាក្នុងតំបន់ផងដែរ ។

       វិទ្យាស្ថាន CDRI ជាមជ្ឈមណ្ឌលស្រាវជ្រាវដ៏ឆ្នើម ឯករាជ្យ រឹងមាំ មានគំនិតនវានុវត្តន៍ ដើម្បីជះឥទ្ធិពល​ផ្នែក​​​គោល​​នយោបាយក្នុងការអភិវឌ្ឍ​ប្រទេស​​កម្ពុជា ។ វិទ្យាស្ថាន CDRI ខិតខំប្រឹងប្រែងធ្វើការស្រាវជ្រាវលើគោលនយោបាយ អភិវឌ្ឍន៍ពាក់ព័ន្ធនានា ដែលមានលក្ខណៈឯករាជ្យ មានគោលដៅ មានគុណភាពខ្ពស់ ដើម្បីជួយឲ្យអ្នកធ្វើគោលនយោបាយ អ្នកមាន​ឥទ្ធិពល​ និងអ្នកពាក់ព័ន្ធនានា យកទៅប្រើប្រាស់ឱ្យបានច្រើនជាអតិបរមា។

      វិទ្យាស្ថានសភាកម្ពុជាត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១១ ជាវិទ្យាស្ថានអភិវឌ្ឍន៍សមត្ថភាពឯករាជ្យ និងមិនលំអៀង ចូលរួមចំណែកពង្រឹងសមត្ថភាពមន្ត្រីសភាដែលចាប់ផ្តើមដំបូងនៅប្រទេសកម្ពុជា និងបានពង្រីកដល់ថ្នាក់តំបន់ ដោយឆ្លើយតបទៅនឹងបេសកកម្មដែលមានក្នុងអនុស្សរណៈនៃការយោគយល់គ្នាជា​មួយ​លេខាធិការដ្ឋានអន្តរសភាអាស៊ាន ដែលទទួលបានការអនុម័តពីសភាជាសមាជិកអន្តរសភាអាស៊ាន តាមរយៈសេចក្តីសម្រេចដែលធ្វើឡើងកាលពីឆ្នាំ២០១៧ និង២០១៩ ។

CDRI PIC MoU photo slides

  • CDRI-PIC-MoU-3.jpg
  • CDRI-PIC-MoU-4.jpg
  • CDRI-PIC-MoU-5.jpg
  • CDRI-PIC-MoU-6.jpg
  • CDRI-PIC-MoU-7.jpg
  • CDRI-PIC-MoU-8.jpg