កម្មវិធីបិទសិក្ខាសាលាបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញស្តីអំពីការទទួលខុសត្រូវសភាត្រូវ បានធ្វើឡើងនៅថ្ងៃបញ្ចប់នៃសិក្ខាសាលា នាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០។ កម្មវិធីត្រូវបានចូលរួមជាអធិបតីបិទដោយ ឯកឧត្តម ស្រ៊ុន តារា អគ្គលេខាធិការរងនៃរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ Nguyen Tuong Van អគ្គលេខាធិការ AIPA។
ក្នុងកម្មវិធីនេះដែរ ក៏មានការចូលរួមពីវាគ្មិន និងអ្នកសម្របសម្រួល រួមជាមួយមន្ត្រីតំណាងមកពីសភាដែលជាសមាជិក AIPA រួមមាន កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម AIPA និង វិទ្យាស្ថាន KPI។ ក្នុងចំណោមមន្ត្រីចំនួន៥៤រូប ដែលចូលរួមក្នុងសិក្ខាសាលាបណ្តុះបណ្តាលរយៈពេលប្រាំសប្តាហ៍នេះ ក្នុងនោះមាន ៤៨រូបបានទទួលវិញ្ញាបនបត្របញ្ចប់ និងវិញ្ញាបនបត្រចូលរួម ប្រកបដោយជោគជ័យ។
សិក្ខាសាលាបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ ដែលបានរៀបចំដោយវិទ្យាស្ថានសភាកម្ពុជា (វសក) គឺជាវេទិកាដើម្បីផ្លាស់ប្តូរចំណេះដឹង និងចែករំលែកទម្លាប់អនុវត្តល្អៗស្តីអំពីមុខងារចម្បងៗទាំងបីរបស់សភា ដែលរួមមាន មុខងារតាក់តែងច្បាប់ មុខងារតំណាង និងមុខងារត្រួតពិនិត្យ។ សិក្ខាសាលាបណ្តុះ- បណ្តាលនេះបានអញ្ជើញវាគ្មិនមកពី AIPA ព្រឹទ្ធសភានិងរដ្ឋសភាបារាំង សភានៃរដ្ឋ Zurich សភានៃរដ្ឋ Ontario និងវិទ្យាស្ថានសភាកម្ពុជា ដើម្បីចូលរួមធ្វើបទបង្ហាញក្រោមប្រធានបទ «ទិដ្ឋភាពទូទៅនៃការទទួលខុសត្រូវរបស់សភា៖ ការពង្រឹងស្ថាប័ន»។
ចំណុចនៃការពិភាក្សាសំខាន់ៗនៃសិក្ខាសាលាបណ្តុះបណ្តាលនេះរួមមាន ការយល់ដឹងពីរចនាសម្ព័ន្ធខុសៗគ្នានៃប្រព័ន្ធសភានិងការអនុវត្ត, វិធីសាស្ត្រផ្សារភ្ជាប់សភាទៅនឹងពលរដ្ឋរបស់ខ្លួនតាមរយៈមុខងារតំណាង, ឧបករណ៍ដែលសភាប្រើដើម្បីត្រួតពិនិត្យលើរដ្ឋាភិបាលដើម្បីឱ្យមានតុល្យភាព។ ចំណុចមួយផ្សេងទៀតនៃកិច្ចពិភាក្សាគឺ ការទូតសភាដែលជាឧបករណ៍ដ៏មានតម្លៃដើម្បីពង្រឹងទំនាក់ទំនងអន្តរជាតិនៅក្នុងតំបន់អាស៊ាន និងសកលលោក។
នៅក្នុងសុន្ទរកថារបស់ឯកឧត្តម ស្រ៊ុន តារា ឯកឧត្តមបានថ្លែងអំណរគុណដល់វិទ្យាស្ថានសភាកម្ពុជាដែលបានរៀបចំព្រឹត្តិការណ៍នេះ ដោយបន្ថែមថា «ដំណើរការនៃការផ្លាស់ប្តូរចំណេះដឹង និងការបង្កើតទំនាក់ទំនង គឺមានសារសំខាន់ក្នុងការចូលរួមចំណែកដល់ការពង្រឹងស្ថាប័នសភា ដែលបានកកើតឡើងបន្ទាប់ពីពេលវេលាដ៏លំបាក ដើម្បីអាចទទួលបានផលប្រយោជន៍ពីការសិក្សាអំពីការអនុវត្តផ្សេងៗនៃសភា»។
លោកជំទាវ Nguyen Tuong Van អគ្គលេខាធិការ AIPA បានថ្លែងអំណរគុណដល់វិទ្យាស្ថានសភាកម្ពុជា ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលសិក្ខាសាលានេះ។ លោកជំទាវក៏សំដែងនូវការកោតសរសើរដល់វាគ្មិន ចំពោះការចូលរួមចំណែកដល់ភាពជោគជ័យនៃសិក្ខាសាលាបណ្តុះបណ្តាលនេះ។ លោកជំទាវក៏បានសំដែងសេចក្តីសង្ឃឹមថា «នាពេលអនាគត វិទ្យាស្ថានសភាកម្ពុជា រួមគ្នាជាមួយ AIPA នឹងរៀបចំសិក្ខាសាលានេះ ដោយសារតែសិក្ខាសាលានេះមានអត្ថប្រយោជន៍សម្រាប់សភាដែលជាសមាជិករបស់ AIPA»។