នេះ​គឺ​ជា​ ឱកាស​ដ៏​ល្អ​ ដែល​អគ្គលេខាធិការដ្ឋាន​នៃ​ព្រឹទ្ធសភា​កម្ពុជា​ បាន​សហការ​ជាមួយ​វិទ្យាស្ថាន​សភា​កម្ពុជា​ រៀបចំ​សិក្ខាសាលា​នៃ​វគ្គបណ្តុះបណ្តាល​ តាមប្រព័ន្ធ​អនឡាញ​ ស្តីពី​ “ការ​គ្រប់គ្រង​ និង​ដឹកនាំ​” រយៈពេល​ពីរ​ថ្ងៃ​ ដែល​បាន​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​១២​ និង​១៣​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០​ នៅ​សាល​សិក្ខាសាលា​បណ្ណាល័យ​របស់​ព្រឹទ្ធសភា​ ។ កម្មវិធី​នេះ​មាន​ការ​ចូលរួម​ពី​មន្រ្តី​គ្រប់គ្រង​ជាន់ខ្ពស់​នៃ​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​ចំនួន​ ៣៦​រូប​ ក្នុង​នោះ​មាន​ស្រ្តី​ចំនួន​ ១០​រូប​ ។

           គោលបំណង​នៃ​កម្មវិធី​នេះ​គឺ​ ដើម្បី​ផ្តល់​ឱកាស​ដល់​អ្នក​ចូលរួម​បាន​សិក្សា​ និង​ផ្លាស់ប្តួរ​បទពិសោធន៍​ជាមួយ​អ្នក​ជំនាញ​មក​ពី​ព្រឹទ្ធសភា​បារាំង​អំពី​ បទ​ពិសោធន៍​ និង​ការ​អនុវត្ត​ល្អៗ​ទាក់ទង​នឹង​ការ​កែ​ទម្រង់​ស្ថាប័ន​ និង​ការ​គ្រប់គ្រង​ធនធាន​មនុស្ស​របស់​ព្រឹទ្ធសភា​បារាំង​ ។

          លោក​ Jean Louis Schroedt Girard អតីត​អគ្គលេខាធិការ​ នៃ​ព្រឹទ្ធសភា​បារាំង​ ដែល​ជា​វាគ្មិន​នៃ​កម្មវិធី​រយៈពេល​ពីរ​ថ្ងៃ​នេះ​ បាន​តាំងចិត្ត​ចែក​រំលែក​បទ​ពិសោធន៍​ និង​ជំនាញ​របស់​លោក​ ទាក់ទង​នឹង​ការ​គ្រប់គ្រង​ និង​ដឹកនាំ​ ក្នុង​វិស័យ​សភា​ សម្រាប់​ជា​ប្រយោជន៍​របស់​មន្រ្តី​សភា​ខ្មែរ​ ។

          ក្នុង​អំលុង​ពេល​នៃ​កម្មវិធី​ លោក​ Jean Louis Schroedt Girard បាន​ចែក​រំលែក​ដល់​អ្នក​ចូលរួម​ពី​ពិសោធន៍​ នៃ​ការ​កែ​ទម្រង់​នៅ​ក្នុង​ព្រឹទ្ធសភា​បារាំង​ ដោយ​បាន​ធ្វើ​ការ​គូស​បញ្ជាក់​ពី​ គោលបំណង​នៃ​ការ​កែ​ទម្រង់​ ដំណាក់​កាល​នានា​ ធាតុ​ផ្សំ​ និង​បរិបទ​នៃ​ការ​កែ​ទម្រង់​ ក៏​ដូច​ជា​ពី​ តំរូវការ​ធនធាន​មនុស្ស​ រួម​ទាំង​ការ​វាយតម្លៃ​ការងារ​ ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ និង​ការ​ចល័ត​មន្រ្តី​ ។

          ការ​ចូលរួម​ចំណែក​របស់​ព្រឹទ្ធសភា​បារាំង​ធ្វើ​ឡើង​ក្នុង​ក្របខណ្ឌ​នៃ​កិច្ច​ព្រមព្រៀង​កិច្ចសហ​ប្រតិបត្តិការ​រវាង​វិទ្យាស្ថាន​សភា​កម្ពុជា​ និង​ព្រឹទ្ធសភា​បារាំង​ ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ខែ​តុលា​ ឆ្នាំ​២០១៩​ ។

ក្នុង​ឱកាស​នៃ​ការ​បើក​កម្មវិធី​នេះ​ លោក​ គឹម យាត ដារ៉ារិទ្ធ​ នាយក​ប្រតិបត្តិ​ នៃ​វិទ្យាស្ថាន​សភា​កម្ពុជា​ តាង​នាម​ឲ្យ​ ឯកឧត្តម​អគ្គលេខាធិការ​ព្រឹទ្ធសភា​ បាន​សម្តែង​នូវ​សេចក្តី​ថ្លែង​អំណរគុណ​ដល់​លោក​ Jean Louis Schroedt Girard ចំពោះ​ការ​តាំងចិត្ត​ និង​ការ​រួម​ចំណែក​របស់​លោក​ ក្នុង​ការ​ចែក​រំលែក​បទ​ពិសោធន៍​ និង​ជំនាញ​សម្រាប់​សិក្ខាសាលា​ នៃ​វគ្គ​បណ្តុះបណ្តាល​នេះ​ ។ លោក​ គឹម យាត ដារ៉ារិទ្ធ​ ក៏​បាន​ថ្លែង​អំណរគុណ​ដ៏​ជ្រាលជ្រៅ​ផង​ដែរ​ ដល់​ព្រឹទ្ធសភា​បារាំង​ ដែល​តែង​តែ​ចូលរួម​គាំទ្រ​កម្មវិធី​ពង្រឹង​សមត្ថភាព​ និង​កម្មវិធី​ចែក​រំលែក​បទពិសោធន៍​របស់​វិទ្យាស្ថានសភា​កម្ពុជា​ តាមរយៈ​ការផ្តល់​អ្នក​ជំនាញ​សភា​ មក​ធ្វើ​ជា​វាគ្មិន​ ។