សិក្ខាសាលា​នៃ​វគ្គ​បណ្តុះបណ្តាល​សម្រាប់​មន្ត្រី​សភា​ស្តីពី​ការ​រៀបចំ​ និង​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​លេខាធិការដ្ឋាន​គណៈកម្មការ​សភា​បាន​រៀបចំ​ឡើង​ក្នុង​ក្របខ័ណ្ឌ​នៃ​ទំនាក់ទំនង​ថ្មី​ ដែល​បាន​បង្កើត​ឡើង​ តាមរយៈ​អនុស្សារណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​វិទ្យាស្ថាន​សភា​កម្ពុជា​ (PIC) និង​សភា​និយាយ​ភាសា​បារាំង​ l'Assemblée parlementaire de la Francophonie (APF) ។

             លោក​ ដារ៉ារិទ្ធ គឹម យាត​ នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​សភា​កម្ពុជា​ (វ.ស.ក) បាន​ចុះ​ហត្ថលេខា​លើ​អនុស្សារណៈ​នៃ​ការ​យោគយល់​គ្នា​នេះ នៅ​ទីក្រុង​ប៉ារីស​ នា​ថ្ងៃ​ទី​១៧​ ខែ​មករា​ ឆ្នាំ​២០១៩​ ក្រោម​អធិបតីភាព​របស់​ ឯកឧត្តម​ អ៊ុំ សារឹទ្ធ​ ប្រធាន​ក្រុម​ប្រឹក្សា​នាយក​នៃ​វ.ស.ក​ និង​ លោក​ ហ្សាក់ ក្រាបាល់​ អគ្គលេខាធិការ​នៃ​ APF ។ គោលបំណង​នៃ​វគ្គ​បណ្តុះបណ្តាល​នេះ​គឺ​ ដើម្បី​ពង្រឹង​សមត្ថភាព​បច្ចេកទេស​របស់​មន្រ្តី​សភា​ក្នុង​ការ​ផ្តល់​សេវា​ឲ្យ​កាន់​តែ​ជំនាញ​ជូន​ដល់​សមាជិក​ សមាជិកា​សភា​ ។

            ដោយ​មូលបទ​នៃ​វគ្គបណ្តុះបណ្តាល​នេះ​ផ្តោត​លើ​ ការ​រៀបចំ​ និង​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​លេខាធិការដ្ឋាន​របស់​គណៈកម្មការ​សភា​ ដូច្នេះ​ការងារ​ទាំងអស់​ដែល​មន្រ្តី​នៃ​លេខាធិការដ្ឋាន​គណៈកម្មការ​សភាធ្វើ​ ដើម្បី​គាំទ្រ​ដល់​ការ​បំពេញ​មុខងារ​របស់​សមាជិក​ សមាជិកា​សភា​ ក្នុង​នាម​ជា​អ្នក​បញ្ញត្ត​ច្បាប់​ និង​ជា​អ្នក​តាមដាន​ការ​អនុវត្ត​ការងារ​របស់​រដ្ឋាភិបាល​ ត្រូវ​បាន​លើក​យក​មក​បង្ហាញ​ និង​ពិភាក្សា​នៅ​ក្នុង​វគ្គ​នេះ​ ។

            ដោយសារ​វិបត្តិ​កូវីដ​-១៩​ វគ្គ​បណ្តុះបណ្តាល​នេះ​បាន​រៀបចំ​តាម​ប្រព័ន្ធ​អនឡាញ​ ដែល​បាន​ប្រព្រឹត្ត​ទៅ​រយៈពេល​ពីរ​រសៀល​ (រយៈពេល​ពីរ​ម៉ោ​ង ក្នុង​មួយ​សៀល​) ជា​ទម្រង់​កូន​កាត់​ (មន្រ្តី​សភា​កម្ពុជា​ចូលរួម​នៅ​នឹង​កន្លែង​ មន្រ្តី​មក​ពី​សភា​តំបន់​ចូលរួម​ និង​វាគ្មិន​មក​ពី​សភា​បារាំង​ធ្វើ​បទបង្ហាញ​តាម​វីដេអូ​អនឡាញ​) ។ វគ្គ​បណ្តុះបណ្តាល​នេះ​បាន​ផ្តល់​ផល​ប្រយោជន៍​ដល់​មន្ត្រី​សភា​និយាយ​ភាសា​បារាំង​ ចំនួន​ ៨៤ ​រូប​ មក​ពី​សភា​កម្ពុជា​ និង​សភា​ថៃ​ ។

            វាគ្មិន​នៃ​វគ្គ​បណ្តុះបណ្តាល​នេះ​ ដែល​ជា​មន្រ្តី​មក​ពី​សភា​បារាំង​រួមមាន​ លោក​ Mohamed Sadoun​ ជា​មន្ត្រី​រដ្ឋបាល​ក្នុង​ផ្នែក​ទំនាក់ទំនង​សភា​ និង​ការ​សិក្សា​អន្តរជាតិ​នៃ​កិច្ចសហប្រតិបត្តិការ​អន្តរ​សភា នៅ​រដ្ឋសភា​នៃសាធារណរដ្ឋ​បារាំង និង​ លោក​ Guillaume Renaudineau​ ជា​ទីប្រឹក្សា​ទទួល​បន្ទុក​កិច្ច​សហប្រតិបត្តិការ​អន្តរសភា​នៅ​ព្រឹទ្ធសភា​នៃ​សាធារណរដ្ឋ​បារាំង​ ។