វិទ្យាស្ថានសភាកម្ពុជា(វ.ស.ក) បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលតាមអនឡាញ មួយ ស្តីពី «ការងាររបស់គណៈកម្មការ សភា» ដែលបានធ្វើឡើងពីថ្ងៃទី១៦ ដល់១៨ ខែវិច្ឆិកា ឆ្នាំ២០២០។សិក្ខាសាលាដែលផ្តោតលើការពង្រឹងសមត្ថភាពមន្រ្តីសភា ដែលមានរយៈពេលបីថ្ងៃនេះ មានការចូលរួមពីមន្រ្តីសភាដែលមកពីបណ្តា ប្រទេសជាសមាជិកសភាអន្តរសភាអាស៊ាន(AIPA) រួមមាន ប្រទេសមីយ៉ាន់ម៉ា កម្ពុជា ឡាវ និងប្រទេសវៀតណាម ដោយមានការចូលរួមធ្វើបទបង្ហាញដោយ មន្រ្តីជាន់ខ្ពស់ពីសភាOntario ប្រទេសកាណាដា។
ថ្លែងនៅក្នុងសុន្ទរកថាបើក លោក John Christopher នាយកផ្នែកអភិវឌ្ឍសមត្ថភាពនៃវ.ស.ក បានលើកយកនូវប្រធានបទពិភាក្សាអំពីតួនាទីសំខាន់ៗរបស់គណៈកម្មការនៅក្នុងការអនុវត្តមុខងារសភា។ បន្ថែមពីនេះ លោកបានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងសមត្ថភាពនៅក្នុងវិស័យនេះ ដែលជាការបន្ថែមតម្លៃទៅលើសកម្មភាពរបស់វ.ស.ក ដែលមានកន្លងមក រួមមាន ការស្រាវជ្រាវសភា ពិធីការសភា និងការវិភាគថវិកាជាតិ។ លោកក៏បានពិពណ៌នាអំពីមុខងារនៃសភាកម្រិតតូច(Mini Parliaments) និងតួនាទីដ៏ចាំបាច់ក្នុងការជួយទៅលើការសិក្សាពីបញ្ហា និងគោលនយោបាយសំខាន់ៗ រួមទាំង ការពិនិត្យច្បាប់ ដើម្បីផ្តល់ជាអនុសាសន៍ទៅរដ្ឋាភិបាល។
ប្រធានបទនៅក្នុងសិក្ខាសាលាបណ្តុះបណ្តាលតាមរយៈអនឡាញនេះ ផ្តោតចម្បងទៅលើមុខងារ និងប្រភេទគណៈកម្មការ នៅក្នុងសភាដែលមានបរិបទខុសៗគ្នា ការងារជាក់ស្តែងរបស់គណៈកម្មការសភា និងការងាររបស់មន្ត្រីសភាក្នុងការជួយគាំទ្រដល់គណៈកម្មការ។ ថ្ងៃទី២ នៃសិក្ខាសាលាបណ្តុះបណ្តាលនេះ ក៏មានការធ្វើបទបង្ហាញពីអ្នកចូលរួមពីប្រទេសមីយ៉ាន់ម៉ា ទៅលើ «ការងារគណៈកម្មការសភាមីយ៉ាន់ម៉ា» និង «គណៈកម្មការចម្រុះនៃសភាសហភាព» និងមានការចែករំលែកពីការយល់ដឹងអំពីគណៈកម្មការនៅក្នុងសភាពីមន្ត្រីសភាពីប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងប្រទេសវៀតណាម។ ចំពោះថ្ងៃចុងក្រោយ កម្មវិធីបណ្តុះបណ្តាលបានបញ្ចប់ជាមួយនឹងលំហាត់ និងការពិភាក្សា ដែលអនុញ្ញាតឱ្យអ្នកចូលរួមធ្វើការប្រៀបធៀប និងចែករំលែកចំណេះដឹងរបស់ពួកគេពាក់ព័ន្ធនឹងការងារគណៈកម្មការសភា ក៏ដូចជាផ្លាស់ប្តូរបទពិសោធន៍របស់ពួកគេផងដែរ។