វិទ្យាស្ថានសភាកម្ពុជា(វ.ស.ក) បានរៀបចំ «កម្មវិធីបណ្តុះបណ្តាលគ្រូបង្គោល ថ្នាក់តំបន់នៃការស្រាវជ្រាវសភា» តាមប្រព័ន្ធ អនឡាញ ដែលបានធ្វើឡើងពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ ដោយសហការជាមួយនាយកដ្ឋានអប់រំនៃ សាកលវិទ្យាល័យ Sussex។ សមាសភាពចូលរួមក្នុងសិក្ខាសាលាបណ្តុះបណ្តាលនេះ គឺជា មន្ត្រីមកពីសភាជាសមាជិកនៃ អន្តរសភាអាស៊ាន ដែលរួមមាន មីយ៉ាន់ម៉ា កម្ពុជា ហ្វីលីពីន និងថៃ ដែលធ្លាប់បានចូលរួមកម្មវិធីបណ្តុះបណ្តាលរបស់ វ.ស.កពីកន្លងមក ។
កម្មវិធីបណ្តុះបណ្តាលរយៈពេល ៥ថ្ងៃនេះ រួមមាន ការណែនាំពីទ្រឹស្តីគរុកោសល្យ និងគំរូនៃកិច្ចតែងការបង្រៀន ការបង្រៀនដោយ ផ្អែកលើការរៀនខ្លួនឯង (Flipped Learning), ដៃគួរផ្តល់យោបល់ (Peer Feedback) និងសកម្មភាពផ្សេងៗ ក៏ដូចជាការពិភាក្សាជាក្រុម តាមរយៈកម្មវិធីសិក្សាដោយប្រើប្រព័ន្ធអេឡិចត្រូនិច ឌីជីថល (E-Learning Digital Platform)។ គោលបំណងចម្បងនៃការបណ្តុះបណ្តាលនេះ គឺដើម្បីពង្រឹងគុណភាពនៃជំនាញគរុកោសល្យរបស់បុគ្គលនិងស្ថាប័ន និងការពិនិត្យលើបញ្ហាប្រឈម រួមទាំងឱកាសនៃការរៀបចំរចនាវគ្គបណ្តុះបណ្តាល។ អ្នកចូលរួមត្រូវបានលើកទឹកចិត្ត ឱ្យធ្វើការឆ្លុះបញ្ចាំង (Reflection) ពីអ្វីដែលពួកគេបានរៀន នៅពេលដែលពួកគេចាប់ផ្តើមព្រាងកម្មវិធីសិក្សា ដែលរួមមាន៖ វិធីសាស្ត្រការបង្រៀន រៀន និងការវាយតម្លៃ។
សិក្ខាសាលាបណ្តុះបណ្តាលនេះ ផ្តោតជាចម្បងទៅលើចំណេះដឹងជំនាញវិជ្ជាជីវៈដែលត្រូវការគ្រូបណ្តុះបណ្តាល អំពីការស្រាវជ្រាវសភា និងយុទ្ធសាស្ត្រសម្រាប់ការរៀបចំផែនការ និង វិធីសិក្សាពីវិធីសាស្រ្តស្រាវជ្រាវ។ ប្រធានបទដទៃទៀត រួមមាន វិធីសាស្ត្របង្រៀន និងបច្ចេកវិទ្យាអប់រំ ការវាយតម្លៃដោយជោគជ័យសម្រាប់ការសិក្សា ការផ្តល់យោបល់ត្រឡប់វិញ ប្រកបដោយប្រសិទ្ធភាព និងការអភិវឌ្ឍគុណតម្លៃ និងវិធីសាស្រ្តប្រកបដោយបរិយាប័ន្ន ដែលមាននៅក្នុងសកម្មភាព គរុកោសល្យទាំងអស់។
កម្មវិធីបណ្តុះបណ្តាលនេះបានបញ្ចប់ជាមួយវគ្គសំណួរនិងចម្លើយ ដែលបានផ្តល់ឱកាសដល់អ្នកចូលរួមក្នុងការធ្វើការឆ្លុះ បញ្ចាំងទៅលើតម្លៃនៃការអប់រំប្រកបដោយបរិយាប័ន្ន បញ្ហាប្រឈមដែលទាក់ទងជាមួយការផ្តល់ យោបល់ត្រលប់ និងការ បញ្ជ្រាបយេនឌ័រ និងដើម្បីប្រៀបធៀបវិធីសាស្ត្រ និងសកម្មភាព គរុកោសល្យផ្សេងៗគ្នាសម្រាប់ផែនការកម្មវិធីសិក្សា របស់ពួកគេ។
អ្នកចូលរួមទាំងអស់នឹងបញ្ចប់សេចក្តីព្រាងនៃផែនការកម្មវិធីសិក្សាការបណ្តុះបណ្តាលរបស់ពួកគេ នៅក្នុងខែធ្នូនេះ សម្រាប់ការពិនិត្យឡើងវិញ និងផ្តល់យោបល់ត្រលប់វិញពីសាកលវិទ្យាល័យ Sussex។