វគ្គបណ្តុះបណ្តាលស្តីពី “ការរចនាក្រាហ្វិក”​ ដែលត្រូវបានរៀបចំឡើង ដោយវិទ្យាស្ថានសភាកម្ពុជា ត្រូវបានបញ្ចប់ដោយ ជោគជ័យនាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១។ សិក្ខាកាមទាំង១២រូប ដែលជាមន្រ្តីមកពីនាយកដ្ឋានព័ត៌មាន នៃអគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភា និងរដ្ឋសភាបានទទួលនូវវិញ្ញាបនបត្របញ្ចប់ការសិក្សាដោយជោគជ័យ។

         វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សភាកម្ពុជា ក្នុងការអភិវឌ្ឍ សមត្ថភាពជំនាញរបស់មន្រ្តី ដែលបំពេញការងារពាក់ព័ន្ធនឹងការផលិតឯកសារសម្រាប់ការងារប្រាស្រ័យឆ្លើយឆ្លងសភា។ មេរៀននៅក្នុងវគ្គនេះត្រូវបានរៀបចំឡើង ដើម្បីបំពាក់ចំណេះដឹងដល់សិក្ខាកាមអំពី គំនិតមូលដ្ឋាន និងគោលការណ៍ ចម្បងៗនៅក្នុងការរៀបចំ និងផលិតឯកសាររូបភាព​ ដែលអាចយកទៅប្រើនៅក្នុងទម្រង់ផ្សេងៗនៃការប្រាស្រ័យឆ្លើយឆ្លងសភា។ វគ្គនេះមានការបញ្ចូលគ្នាទាំងផ្នែកទ្រឹស្តី និងការហ្វឹកហ្វឺនជាក់ស្តែងក្នុងការបង្កើតសៀវភៅបត់ទាក់ទងនឹងការងារសភា។

        កម្មវិធីនេះចាប់ផ្តើមពីគំនិត/ទស្សនៈមូលដ្ឋាន ឈានទៅចំណេះដឹងស៊ីជំរៅ ដែលមានសារៈសំខាន់សម្រាប់យកទៅ អនុវត្តក្នុងការងាររបស់សិក្ខាកាម។ ប្រធានបទទាំងនោះរួមមាន​៖ សារៈសំខាន់នៃការរចនារូបភាពនៅក្នុងការប្រាស្រ័យ ឆ្លើយឆ្លងសភា ការអភិវឌ្ឍគំនិតគោល ការរចនាសមាសធាតុផ្សំ ការកែសម្រួលរូបភាពនៅក្នុងការរចនា និងការរៀបចំប្លង់ នៃការរចនារូបភាព​ និងការផលិត។ ចំណុចសំខាន់នៃវគ្គនេះ គឺផ្តោតជាចម្បងលើការហ្វឹកហ្វឺន និងអនុវត្តជាក់ស្តែង ដោយយកទ្រឹស្តី និងគោលការណ៍ដែលបានសិក្សាមកប្រើនៅក្នុងការរៀបចំ និងផលិតឯកសារសម្រាប់គាំទ្រដល់ ការប្រាស្រ័យឆ្លើយឆ្លងសភា។ ជាក់ស្តែងនៅចុងបញ្ចប់នៃវគ្គបណ្តុះបណ្តាល​​​ សិក្ខាកាមមានលទ្ធភាពរៀបចំសៀវភៅបត់ making process of theញបន្ថថែងដសម្រាប់គាំទ្រការងារប្រាស្រ័យឆ្លើយឆ្លងសភា។

        ដោយមើលឃើញពីលទ្ធផលបែបនេះ លោក John Christopher នាយកផ្នែកអភិវឌ្ឍន៍សមត្ថភាព និងជាតំណាងរបស់ នាយកប្រតិបត្តិនៃវិទ្យាស្ថានសភាកម្ពុជា បានធ្វើការអបអរសាទរដ៏កក់ក្តៅដល់សិក្ខាកាមទាំងអស់ និងបានកោតសរសើរ ចំពោះស្មារតីយកចិត្តទុកដាក់ និងការខិតខំប្រឹងប្រែងរបស់ពួកគេនៅក្នុងអំលុងពេលនៃការបណ្តុះបណ្តាល ដែលបាន ដំណើរការចាប់ពីថ្ងៃទី២៣​ ដល់ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ និងពីថ្ងៃទី១៨ ខែមករា ដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ ទោះបីជាត្រូវបាន លើកពេលជាច្រើនដងដោយសារតែបញ្ហានៃជំងឺកូវីដ-១៩។

        ឆ្លៀតក្នុងឱកាសនេះ លោក John Christopher ក៏បានចែករំលែកបទពិសោធន៍ ទាក់ទងនឹងសារៈសំខាន់នៃការរចនាក្រាហ្វិក ក្នុងការគាំទ្រដល់ការងារប្រាស្រ័យឆ្លើយឆ្លងរបស់សភា។ លោកបានរៀបរាប់ថា ប្រជាពលរដ្ឋកាណាដាជាទូទៅ មិនចង់អាន អត្ថបទវែងៗទេ តែចូលចិត្តមើលរូប ព្រោះរូបភាពអាចជួយឲ្យអាចក្តាប់បានខ្លឹមសារលឿន។ ម្យ៉ាងទៀតការរចនាក្រាហ្វិក/រូបភាព មិនត្រឹមតែប្រើនៅក្នុងការងារប្រាស្រ័យឆ្លើយឆ្លងសភាប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានយកទៅប្រើនៅក្នុងការបង្ហាញពីលទ្ធផល នៃការស្រាវជ្រាវផងដែរ។

        កញ្ញា Lorena Banares ដែលជាគ្រូឧទ្ទេសនាម បានជម្រាបជូនជាសង្ខេបពីលទ្ធផលនៃវគ្គបណ្តុះបណ្តាលនៅក្នុងអង្គពិធី ហើយបានលើកទឹកចិត្តសិក្ខាកាមឱ្យយកចំណេះដឹងដែលទទួលបានពីវគ្គនេះទៅប្រើ ដើម្បីលើកកម្ពស់គុណភាពនៃការធ្វើ ឯកសារសម្រាប់គាំទ្រដល់ការប្រាស្រ័យឆ្លើយឆ្លងសភាឱ្យកាន់តែមានប្រសិទ្ធភាព។ ឆ្លៀតក្នុងឱកាសនេះ កញ្ញាក៏បានអបអរសាទរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សិក្ខាកាមទាំងអស់ ដែលផលិតបានជាសៀវភៅបត់ចំនួនបួនស្តីពី តួនាទីនីតិកម្មរបស់ព្រឹទ្ធសភា និងស្តីពី នីតិធ្វើច្បាប់របស់រដ្ឋសភា ដែលនេះជាលទ្ធផលជាក់ស្តែងមួយចេញពីការបណ្តុះបណ្តាល។

          តំណាងសិក្ខាកាមចំនួនពីររូបគឺ កញ្ញា ប៊ុន សុផារី មកពីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និង លោក យន់ សុខាន់ មកពី អគ្គលេខាធិការដ្ឋានរដ្ឋសភា បានបង្ហាញនូវចំណាប់អារម្មណ៍ដូចគ្នាថា វគ្គនេះពិតជាមានសារៈសំខាន់សម្រាប់ពួកគេក្នុងការរៀបចំ ឱ្យបានកាន់តែប្រសើរនូវឯកសារនានាសម្រាប់គាំទ្រដល់ការប្រាស្រ័យឆ្លើយឆ្លងសភា។ ពួកគេបានប្តេជ្ញាចិត្តនឹងយកចំណេះដឹង នេះទៅប្រើនៅក្នុងការងារ ហើយពួកគេសំណូមពរសូមឱ្យវិទ្យាស្ថានសភាកម្ពុជាបន្តរៀបចំវគ្គបណ្តុះបណ្តាលបែបជំនាញបន្ថែម ទៀតសម្រាប់មន្រ្តីសភា។