ពិធីប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាមដែលបានបញ្ចប់កម្មវិធី​​​បណ្តុះបណ្តាល និង បើកវគ្គថ្មីសម្រាប់ការ​​​បណ្តុះបណ្តាលភាសាអង់គ្លេស បានប្រព្រឹត្តទៅ​​​ នាថ្ងៃ ពុធ ទី ២០ ខែ កក្កដា ឆ្នាំ ២០១៦  នៅព្រឹទ្ធសភាកម្ពុជា។ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងរដ្ឋសភា និងវិទ្យាស្ថានសភាកម្ពុជា បាន​​​សហការ​​រៀបចំពិធីនេះ។  សិក្ខាកាមចំនួន៤១នាក់ បានបញ្ចប់កម្មវិធីបណ្តុះបណ្តាលដោយជោគជ័យ ដែលបានចាប់ផ្តើមឡើង

ដែលបានចាប់ផ្តើមឡើងនៅខែ កញ្ញា ឆ្នាំ ២០១៥ និងបានបញ្ចប់នៅក្នុងខែ មិថុនា ឆ្នាំ ២០១៦។ កម្មវិធីបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើង ដើម្បីបង្រៀនជំនាញភាសាអង់គ្លេសកម្រិតក្រោមមធ្យម និងកម្រិតមធ្យម និងដើម្បី​ប្រើប្រាស់ភាសាអង់គ្លេសក្នុងបរិបទអាស៊ាន និងកិច្ចការស្រាវជ្រាវរបស់សភា។

 

     ចំណោមសិក្ខាកាម​​​នៅក្នុងពិធីនេះ   លោក ហែម កុសល សិក្ខាកាម ទើបតែបញ្ចប់វគ្គត្រៀមសម្រាប់សមាហរណកម្មអាស៊ាន​ បានសំដែង​​មោទនភាពចំពោះ​​​ជំនាញ​​​ភាសាអង់គ្លេស ដែលទទួលបានតាមរយៈការបណ្តុះបណ្តាល នៅ វ.ស.ក។ លោក កុសល ថ្លែងថា គាត់កំពុងប្រើប្រាស់ជំនាញថ្មីនេះ ក្នុងការងារប្រចាំថ្ងៃ និងការងារស្រាវជ្រាវនៅព្រឹទ្ធសភា។

 

   នៅក្នុងសុន្ទរកថាអបអរសាទរ   ឯកឧត្តម ស្រ៊ុន ដារ៉ា អគ្គលេខាធិការរង រដ្ឋសភា បានមានប្រសាសន៍ថា ​​សកម្មភាពរបស់ វ.ស.ក បានពង្រីក​​​ពីការផ្តោតជាបឋមទាំងស្រុងទៅលើសភាកម្ពុជា ដែលនាពេលបច្ចុប្បន្ន បានវិវឌ្ឍខ្លួនទៅជាវិទ្យាស្ថានបណ្តុះបណ្តាលសម្រាប់ប្រទេសដទៃទៀតនៅក្នុងតំបន់ផងដែរ។ ដូច្នេះ សិក្ខាកាម គួរតែមានមោទនភាពដែលបានចូលរួមក្នុងការបណ្តុះបណ្តាលនៅ វ.ស.ក។        ឯកឧត្តម ស្រ៊ុន ដារ៉ា បានបញ្ចប់សុន្ទករថា ដោយលើកទឹកចិត្តឲ្យសិក្ខាកាមទាំងអស់ ប្តេជ្ញាចិត្ត​ ​​ដើម្បីទាញយកផលប្រយោជន៍ឲ្យបានច្រើន​​​ពីឳកាសនៃ​​ការបណ្តុះបណ្តាលភាសាអង់គ្លេសនេះ។

 

   ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា ដែល​​​បានបើកវគ្គថ្មីសម្រាប់ការបណ្តុះបណ្តាលភាសាអង់គ្លេស  បានបញ្ជាក់ប្រាប់សិក្ខាកាមថា ជំនាញភាសាអង់គ្លេស នឹងផ្តល់ផលប្រយោជន៍សំខាន់ៗចំនួនបី៖ ទីមួយ មន្ត្រីដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលដោយជោគជ័យ អាចកសាងសមត្ថភាពរបស់ខ្លួន។  ទីពីរ ពួកគាត់អាចអភិវឌ្ឍអាជីពវិជ្ជាជីវៈ និងទីបី ពួកគាត់នឹង​​អាចទទួលបានឳកាសការងារ  ទាំងនៅក្នុងប្រទេស និងទាំងនៅក្នុងតំបន់ ក្នុងប្រទេសដទៃទៀតនៅអាស៊ាន។ ដូច្នេះ ឯកឧត្តម អ៊ុំ សារឹទ្ធ បានជំរុញឲ្យសិក្ខាកាមក្នុងវគ្គថ្មី ចូលរួមក្នុងកម្មវិធីឲ្យបានពេញលេញ និងដោយសកម្ម ក្នុងការ​​​បំពេញលក្ខខណ្ឌនានា ដើម្បីបញ្ចប់វគ្គដោយជោគជ័យ។ ជាទីបញ្ចប់  ឯកឧត្តម អគ្គលេខាធិការ បានថ្លែង​​​អំណរគុណដល់​​ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិនៃប្រទេសស៊ុយអ៊ែត (Sida) និងទីភ្នាក់ងារ​អភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការនៃប្រទេសស្វីស (SDC) ដែលជាដៃគូគាំទ្រដ៏សំខាន់សម្រាប់​​​វគ្គបណ្តុះបណ្តាលថ្មីនេះ  និង វ.ស.ក ដែលជាដៃគូដ៏សំខាន់ក្នុងការពង្រឹងសមត្ថភាពសភា។

 

       វគ្គបណ្តុះបណ្តាលថ្មី មានរយៈពេលប្រហែល៦ខែ ចាប់ផ្តើមពីថ្ងៃទី ១ ខែ សីហា ឆ្នាំ ២០១៦។ បេក្ខជន​​​សរុបចំនួន៨០នាក់ មកពីព្រឹទ្ធសភា និងរដ្ឋសភា ត្រូវបានអញ្ជើញឲ្យចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាលភាសាអង់គ្លេស ក្នុងកម្រិតផ្សេងៗគ្នា។