កាលពីល្ងាចថ្ងៃច័ន្ទ ទី៤ ខែមេសា ឆ្នាំ២០១៦  វិទ្យាស្ថានសភាកម្ពុជា សម្រេចបាន​ជោគជ័យយ៉ាង​សំខាន់ក្នុង ការអភិវឌ្ឍ​របស់ខ្លួន តាមរយៈការចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់​គ្នាជាមួយអន្តរសភាអាស៊ាន (AIPA) ។  អនុស្សរណៈនៃការយោគយល់​គ្នានេះ ជាមូលដ្ឋានក្នុងការបង្កើត​កម្មវិធីអភិវឌ្ឍ សមត្ថភាពដល់មន្ត្រីសភាដែលជាសមាជិកអន្តរសភាអាស៊ាន  និងជាពិសេស


គាំទ្រដល់គំនិតផ្តួចផ្តើមរបស់​   វ.ស.ក សម្រាប់កិច្ចសហ-ប្រតិបត្តិការរវាងប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុងតំបន់ (SSCI)។

តាមរយៈកិច្ចព្រមព្រៀងនេះ    ដែលបានចុះហត្ថលេខាដោយលោក   គឹមយាត ដារ៉ារិទ្ធ នាយកប្រតិបត្តិ វ.ស.ក និងលោក P.O. RAM អគ្គលេខាធិការ AIPA   វ.ស.ក នឹងគាំទ្រដល់ការ​អភិវឌ្ឍសមត្ថភាពរបស់​មន្ត្រីសភានៅក្នុងតំបន់អាស៊ាន។  ជាពិសេស​  វ.ស.ក នឹងផ្តល់ការ​គាំទ្រដល់​ការបណ្តុះបណ្តាលលើប្រធានបទមួយចំនួន  រួមមាន        ការស្រាវជ្រាវសភា  ភាសាអង់គ្លេស  ការវិភាគច្បាប់  វិធីសាស្ត្រនៃការតាក់តែងអត្ថបទច្បាប់   ការវិភាគថវិកា និងការប្រាស្រ័យឆ្លើយឆ្លង​ និងទំនាក់ទំនងសាធារណៈរបស់សភា។ កិច្ចព្រមព្រៀងនេះ នឹងមានសុពលភាព            រយៈពេល៣ (បី)ឆ្នាំ  ហើយជារួម នឹង​សម្រួលដល់​កិច្ច​ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ​ឲ្យ​កាន់តែស៊ីជម្រៅ រវាងសភានៃ​សមាជិកអាស៊ាន។


កិច្ចព្រមព្រៀងសហប្រតិបត្តិការ ក៏ត្រូវបានចុះហត្ថលេខាផងដែរ រវាង វ.ស. ក និងទីភ្នាក់ងារកិច្ចសហ-ប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិនៃប្រទេសស៊ុយអ៊ែត (Sida) និងរវាង វ.ស.ក ជាមួយទីភ្នាក់ងារ​អភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការនៃប្រទេសស្វីស (SDC)។  ម្ចាស់ជំនួយដ៏សំខាន់ទាំងពីរនេះ   បានបញ្ជាក់អំពីការគាំទ្ររបស់ខ្លួន ដល់គម្រោងពង្រឹងសមត្ថភាពរបស់សភា ជាពិសេសទាក់ទងនឹងតួនាទីរបស់ វ.ស.ក     ក្នុង​ការជំរុញទៅមុខនូវ​គោលការណ៍​ថ្នាក់តំបន់នៃ​គំនិតផ្តួចផ្តើមសម្រាប់​កិច្ចសហប្រតិបត្តិការរវាងប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុងតំបន់​។

 
មាន​មតិទាក់ទងនឹង​ការបោះ​ជំហានដ៏សំខាន់របស់ វ.ស.ក និង AIPA លោក គឹមយាត ដារ៉ារិទ្ធ  ​លើកឡើងថាកិច្ចសហប្រតិបត្តិការ រវាង AIPA ជាស្ពានតភ្ជាប់​រវាងសភាអាស៊ាន ដែលមាន វ.ស.ក       អ្នកផ្តល់សេវា នឹងជួយដល់​ការ​ពង្រីកកិច្ចសហប្រតិបត្តិការ​ថ្នាក់តំបន់ឲ្យបាន​ជោគជ័យ។  លោកនាយកប្រតិបត្តិ​ ថ្លែងអំណរគុណយ៉ាង​ជ្រាលជ្រៅ​ចំពោះ​សភាកម្ពុជា  Sida  និង SDC  ដែលផ្តល់លទ្ធភាពឲ្យ   វ.ស.ក. ​ពង្រីកកម្មវិធីថ្នាក់តំបន់ដោយជោគជ័យក្នុងដំណាក់កាលដ៏សំខាន់នេះ។

 
ជាការឆ្លើយតប  លោក P.O. RAM អគ្គលេខាធិការ AIPA  បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ AIPA ក្នុង      ការបញ្ជូន​បេក្ខជនដែល​សាកសម ពីអគ្គលេខាធិការដ្ឋាន​សភានៃប្រទេស​សមាជិកអាស៊ាន  ដើម្បីចូលរួមក្នុងកម្មវិធីអភិវឌ្ឍសមត្ថភាពរបស់ វ.ស.ក។ លោក P.O. RAM ជឿជាក់ថាអ្នកចូលរួមទាំងនោះ នឹងមាន     លទ្ធភាពប្រើប្រាស់ជំនាញ និងចំណេះដឹងថ្មីៗរបស់ខ្លួន ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសភា។ លោក   អគ្គលេខាធិការ AIPA បានថ្លែងថា មន្ត្រីដែលទទួលបានការបណ្តុះបណ្តាល​តាមរយៈកម្មវិធីនេះ​  អាចជួយ​ភ្ជាប់ទំនាក់ទំនងរវាងសភានៃប្រទេសសមាជិកអាស៊ាន ឲ្យ​កាន់តែជិតស្និទ្ធ។

 

AIPA ត្រូវបានបង្កើតឡើង ទីមួយគឺមានគោលដៅ​គាំទ្រដល់​កិច្ចសហប្រតិបត្តិការទូទៅនៅអាស៊ាន    ទីពីរ ដើម្បី​ភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទរវាងសភាក្នុងតំបន់អាស៊ីអាគ្នេយ៍  និងទីបី ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋក្នុងតំបន់អាស៊ីអាគ្នេយ៍ អំពីវប្បធម៌ និងកេរដំណែលដ៏សម្បូរបែបរបស់ខ្លួន។ ដូច្នេះ AIPA បានខិតខំប្រឹងប្រែងលើកទឹកចិត្តឲ្យមានការចូលរួមដោយផ្ទាល់ និងសកម្មពីបណ្តាប្រទេស​សមាជិកអាស៊ាន ដើម្បី​កសាងសហគមន៍រួមមួយ។

 

ទំនាក់ទំនង ៖

 

វិទ្យាស្ថានសភាកម្ពុជា

វិមានរដ្ឋចំការមន (ព្រឹទ្ធសភា) មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ

លេខទូរស័ព្ទ ៖ ០២៣ ២១០ ០៥៥/០២៣ ២១០ ០៥៦

សារអេឡិកត្រូនិក ៖ អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

គេហទំព័រ ៖ www.pic.org.kh

 

 

អន្តរសភាអាស៊ាន (AIPA)

ជាន់ទី៦ អាគារ Nusantara III  បរិវេណ DPR-RI Compound Jalan Jenderal Gatot Subroto  ហ្សាកាតា  ១០២៧០ ឥណ្ឌូនេស៊ី

លេខទូរស័ព្ទ ៖ (៦២២១) ៥៧១-៥៥១១/៥៧១-៥៦៩១

លេខទូរសារ៖ (៦២២១) ៥៧៣-១៣១៩

សារអេឡិកត្រូនិក ៖ អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

គេហទំព័រ ៖ www.aipasecretariat.org