សិក្ខាសាលាស្តីពី​​គោលការណ៍ស្តីពីការរៀបចំកិច្ចពិគ្រោះយោបល់ជាសាធារណៈ បានបង្កើត​​នាពេលថ្មីៗនេះបានប្រព្រឹត្តទៅនៅថ្ងៃសុក្រទី២៤ ខែ​មិថុនា ឆ្នាំ២០១៦ នៅព្រឹទ្ធសភាកម្ពុជា។ សិក្ខាសាលានេះ បាន​​​​​សហការ​​រៀបចំឡើងដោយ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងវិទ្យាស្ថានសភាកម្ពុជា ដោយមានការចូលរួមពី មន្ត្រីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចំនួន២៥០នាក់ ក្នុងគោលបំណង​​ជម្រាបជូនអំពី​​​

ខ្លឹមសារលម្អិតនៃ​​គោលការណ៍ស្តីការរៀបចំកិច្ចពិគ្រោះយោបល់ជាសាធារណៈដល់​​មន្ត្រីអគ្គលេខាធិការព្រឹទ្ធសភា និងបង្ហាញជូនពួកគាត់អំពីវិធីប្រើប្រាស់ឯកសារនេះ ដើម្បីជាជំនួយ​​ដ៏សំខាន់ ក្នុងការរៀបចំវេទិកា ឬកិច្ចពិគ្រោះយោបល់ជាសាធារណៈ។

លោក គឹម យាត ដារ៉ារិទ្ធ នាយកប្រតិបត្តិនៃវិទ្យាស្ថានសភាកម្ពុជា បានគូសបញ្ជាក់ថាឯកសារនេះ អាចជួយបង្កើន  សមត្ថភាព​មន្ត្រីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាក្នុងការបំពេញ​​​​​​តួនាទីដ៏សំខាន់របស់ខ្លួន ក្នុងការរៀបចំកិច្ចពិគ្រោះយោបល់ជាសាធារណៈ។ គាត់បានបន្ថែមថា កិច្ចពិគ្រោះយោបល់ជាសាធារណៈ ជាផ្នែកដ៏សំខាន់មួយនៅក្នុងដំណើរការប្រជាធិបតេយ្យ ដែលលើកកម្ពស់​ការចូលរួមរបស់ប្រជាជនកម្ពុជានៅក្នុងសកម្មភាពរបស់សភា និងជួយឲ្យសមាជិកសភាបំពេញមុខងារតំណាង មុខងារនីតិកម្ម  និងមុខងារត្រួតពិនិត្យរបស់ខ្លួន។ លោកនាយកប្រតិបត្តិ  សង្កត់ធ្ងន់ថា វាមានសារៈសំខាន់ចំពោះសមាជិកសភា ក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ និងផ្លាស់ប្តូរព័ត៌មានជាមួយម្ចាស់ឆ្នោត។ ដូច្នេះ កិច្ចពិគ្រោះយោបល់ជាសាធារណៈ គឺជាមធ្យោបាយដ៏សំខាន់ ដើម្បីសម្រេចគោលដៅនេះ។

ក្នុងចំណាប់អារម្មណ៍បើកសិក្ខាសាលា   ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា បានថ្លែងថាកិច្ចពិគ្រោះយោបល់ជាសាធារណៈ ត្រូវបានរៀបចំធ្វើឡើងជាបន្តបន្ទាប់ជាមួយប្រជាពលរដ្ឋនៅក្នុងភូមិភាគ ខេត្ត ស្រុក និងឃុំសង្កាត់ភាគច្រើន។ គាត់ថ្លែងថា រាល់ពេលដែលវេទិកា ត្រូវបានរៀបចំឡើង   មានការលើកឡើងអំពីបទពិសោធន៍ថ្មីៗ  និងគំនិតយោបល់ដើម្បីកែលម្អ  ហើយក៏មានការលេចឡើងនូវការប្រឈមផងដែរ។ វេទិកានាពេលកន្លងមក ​ផ្តល់ឪកាសឲ្យប្រើប្រាស់មេរៀន​​​​​​​ដែលទទួលបាន ​ដើម្បីធ្វើឲ្យប្រសើរឡើងក្នុងការរៀបចំវេទិកាជាបន្តបន្ទាប់នាពេលខាងមុខ។ ទោះជាយ៉ាងនេះក្តី  រហូតមកដល់ពេលបច្ចុប្បន្ននេះ ពុំមានឯកសារជាបទដ្ឋាន ដើម្បីធានាសង្គតភាពក្នុងការរៀបចំ​​ពី​​​​​វេទិកាមួយទៅវេទិកាមួយឡើយ​  ពោលគឺ​​​ពុំមានការរៀបចំជា​​ឯកសារឲ្យបានសមស្រប​​​ ដើម្បីជួយឲ្យមន្ត្រីអគ្គលេខាធិការដ្ឋានសភា ស្វែងយល់អំពីដំណើរការនេះ។ ដោយមាន​​​កិច្ចសហប្រតិបត្តិការរវាង វ.ស.ក និងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ​ គោលការណ៍ស្តីពីការរៀបចំកិច្ចពិគ្រោះយោបល់ជាសាធារណៈ ត្រូវបានបង្កើតឡើង ដើម្បីជាជំនួយដល់មន្ត្រីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាក្នុងការរៀបចំវេទិកានៅក្នុងភូមិភាគនីមួយៗ។ ឯកសារនេះ នឹងជួយឲ្យសមាជិកសភា​​ យល់ដឹងជាទូទៅ ថាតើមន្ត្រីអគ្គលេខាធិការ-ដ្ឋានសភា ធ្វើការ​​រៀបចំសំខាន់ៗយ៉ាងដូចម្តេច សម្រាប់កិច្ចពិគ្រោះយោបល់ជាសាធារណៈ។

 លោក ឃុត ឥន្ទសេរី នាយកផ្នែកទំនាក់ទំនងនៃ វ.ស.ក បានបង្ហាញជូនត្រួសៗ​​អំពីគោលការណ៍ស្តីពីកិច្ចពិគ្រោះយោបល់ជាសាធារណៈ។ លោកបានគូសបញ្ចាក់ថាកិច្ចពិគ្រោះយោបល់ជាសាធារណៈ មានសារៈសំខាន់បំផុតចំពោះសមាជិកសភា ពីព្រោះព្រឹត្តិការណ៍នេះ ជួយឲ្យពួកគាត់ភ្ជាប់ទំនាក់ទំនងដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ ហើយចំពោះប្រជាពលរដ្ឋវិញ អាចទទួលបានឳកាស ជម្រាបជូនបញ្ហាជាកង្វល់ ឬលើកឡើងនូវដំណោះស្រាយចំពោះបញ្ហាដែលខ្លួនប្រឈម។ លើសពីនេះ  លោកក៏បាន​បង្ហាញជូន​​​អំពីឧបសម្ព័ន្ធនៅក្នុងគោលការណ៍ស្តីពីការរៀបចំកិច្ចពិគ្រោះយោបល់ជាសាធារណៈ ដែលផ្តល់ការ​​​​​ណែនាំជាជំហានៗ សម្រាប់សកម្មភាពនានា និងដាក់បញ្ចូលបញ្ជីការងារ ដើម្បីជាជំនួយដល់មន្ត្រី ដែលទទួលខុសត្រូវក្នុងការរៀបចំព្រឹត្តិការណ៍ទាំងនេះ។

បន្ទាប់ពីការធ្វើបទបង្ហាញ  កិច្ចពិភាក្សារវាងអ្នកចូលរួមក្នុងសិក្ខាសាលា និងវាគ្មិនមកពី វ.ស.ក និងអគ្គលេខាធិការ-ដ្ឋានព្រឹទ្ធសភា ត្រូវបានធ្វើឡើង។  ជាការឆ្លើយតបទៅនឹងសំណួរសំខាន់ៗពីអ្នកចូលរួម   មានការព្រមព្រៀងថានឹងមានការគាំទ្របន្ថែមសម្រាប់ការកសាងសមត្ថភាព ដើម្បីជួយដល់មន្ត្រីសភាក្នុងការអនុវត្តគោលការណ៍ស្តីពីកិច្ចពិគ្រោះយោបល់ជា      សាធារណៈ។ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា  ក៏បានបញ្ជាក់ពីការទ្រទ្រង់ផ្នែកធនធាន ដើម្បីគាំទ្រដល់ការផ្តល់សេវាឲ្យបានជោគជ័យ ក្នុងការរៀបចំកិច្ចពិគ្រោះយោបល់ជាសាធារណៈ ស្របតាមគោលការណ៍ស្តីពីកិច្ចពិគ្រោះយោបល់ជាសាធារណៈ។    មន្ត្រីជាន់ខ្ពស់នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ត្រូវបានស្នើ​​ឲ្យ​​កំណត់ពីការខ្វះខាតចំណេះដឹង និងជំនាញដែលពាក់ព័ន្ធ ដើម្បីឲ្យកំណត់បានជាអាទិភាពសម្រាប់សកម្មភាពកសាងសមត្ថភាព។

 ក្នុងចំណាប់អារម្មណ៍បិទសិក្ខាសាលា  ឯកឧត្តម អ៊ុំ សារិទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានសំដែងការគាំទ្រចំពោះ    ខ្លឹមសារនៃគោលការណ៍ស្តីពីកិច្ចពិគ្រោះយោបល់ជាសាធារណៈ និងជំរុញយ៉ាងខ្លាំងឲ្យ​​​នាយកដ្ឋានទាំងអស់ចំណុះឲ្យអគ្គ-លេខាធិការដ្ឋាន ចែករំលែកខ្លឹមសារនៃឯកសារនេះទៅដល់មន្ត្រីរបស់ខ្លួន។ ឯកឧត្តម អគ្គលេខាធិការ ក៏បានផ្តល់អនុសាសន៍​​ថាសិក្ខាសាលាស្រដៀងគ្នានេះ គប្បីរៀបចំធ្វើឡើងក្នុងខែ កញ្ញា ឆ្នាំនេះ ដើម្បីជម្រាប​​​ជូនសមាជិកសភាអំពី​​គោលការណ៍ស្តីពីការរៀបចំ​កិច្ចពិគ្រោះយោបល់ជាសាធារណៈនេះ ដើម្បីបង្កើ​​​នការយល់ដឹង​​​រួមគ្នា​​ រវាងអ្នករដ្ឋបាល និងអ្នកនយោបាយ ដើម្បី​​​ធានាថាការប្រាស្រ័យទាក់ទង និងកិច្ចពិគ្រោះយោបល់ជាមួយម្ចាស់ឆ្នោត ត្រូវបានរៀបចំឲ្យបានល្អបំផុតតាមតែអាចធ្វើបាន។