សិក្ខាសាលាស្ដីពីមុខងារត្រួតពិនិត្យរបស់សភា៖ បទពិសោធន៍របស់ប្រទេស បារាំង និងប្រទេសស៊ុយអែត បានប្រព្រឹត្តទៅនាថ្ងៃទី ៨ ឆ្នូ ឆ្នាំ២០១៦ នាសាលសន្និសិទ នៃបណ្ណាល័យព្រឹទ្ធសភា ដោយមានការចូលរួមពីសមាជិកសមាជិកាសភា និងមន្ត្រី -សភាចំនួន ១៣០នាក់។ សិក្ខាសាលានេះ សហការរៀបចំឡើងដោយគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា និងរដ្ឋសភា ដោយមាន

 IMG 6480

 

ការគាំទ្រពី អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងវិទ្យាស្ថានសភាកម្ពុជា (វ.ស.ក) ។ គោលបំណងរបស់សិក្ខាសាលា គឺដើម្បីបង្ហាញ ពីនិតីវិធីនៃការត្រួតពិនិត្យរបស់សភា និងតួនាទីរបស់គណៈកម្មការសភា នៅក្នុងការបំពេញមុខងារត្រួតពិនិត្យ ។នៅក្នុងឱកាសបើកសិក្ខាសាលានេះ ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការសេដ្ឋ-កិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា បានគូសបញ្ជាក់ពីនីតិវិធីច្បាប់ និងបទបញ្ញាតិ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ស្ដីពីគ្រប់គ្រងហិរញ្ញវត្ថុ ព្រមទាំងទិដ្ឋភាពនៃមុខងារត្រួតពិនិត្យរបស់សភា ក្នុងការត្រួតពិនិត្យថវិកា។ ឯកឧត្តមប្រធានគណៈកម្មការទី២ នៃរដ្ឋសភាក៏បានរៀបរាប់ពីការចូលរួមយ៉ាងសកម្មរបស់គណៈកម្មការទី២ និងគណៈកម្មការជំនាញដទៃទៀត របស់រដ្ឋសភា ដែលបានចូលរួមក្នុងវដ្ដថវិការួមមាន ដំណាក់កាលរៀបចំថវិកា ដំណាក់កាលប្រតិបត្តិ ដំណាក់កាលត្រួតពិនិត្យ សវនកម្ម និងការអនុម័តលើសេចក្ដីព្រាងច្បាប់ស្ដីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំនីមួយៗ ក៏ដូចជាសេចក្ដីព្រាងច្បាប់ស្ដីពីការទូទាត់ថវិកា។ ឯកឧត្តមសង្កត់ធ្ងន់ថា “ការចូលរួមរបស់សភានេះ មានសារៈសំខាន់ណាស់នៅក្នុងវដ្ដថវិកា ដោយសារវាជាឧបករណ៍សម្រាប់លទ្ធិប្រជាធិបតេយ្យ និងជាឧបករណ៍នៅក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ” ។

ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប បានរំឭឹកថា៖ “ដើម្បីបំពេញមុខងារត្រួតពិនិត្យថវិកា គណៈកម្មការទី២ រដ្ឋសភា តែងតែសហការជាមួយអ្នកឯកទេសក្នុងនោះមានជំនាញការនៃធនាគារពិភពលោក មូលនិធិរូបិយវត្ថុអន្តរជាតិ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ នៃសភារបស់បណ្ដាប្រទេសដទៃទៀតក្នុងតំបន់” ។

  IMG 6460

 

 ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការនៃព្រឹទ្ធសភា បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់សមាជិកសមាជិកា រដ្ឋសភាព្រឹទ្ធសភា និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានសភាកម្ពុជា។ ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា មានប្រសាសន៍បញ្ជាក់ថា “សិក្ខាសាលានេះ គឺជាគំនិតផ្ដួចផ្ដើមដ៏សំខាន់ របស់គណៈកម្មការទី២ រដ្ឋសភា និងព្រឹទ្ធសភា ដែលជាប្រធានបទដ៏សំខាន់នៃការត្រួតពិនិត្យរបស់សភា។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវិទ្យាស្ថានសភាកម្ពុជា ដែលបានរៀបចំកម្មវិធីបណ្ដុះបណ្ដាលការិយាល័យថវិកាសភា ជូនដល់មន្ត្រីរបស់អគ្គលេខាធិការដ្ឋាន ដែលមានរយៈពេល ០៣ ឆ្នាំ។ ខ្ញុំសង្ឃឹមថា ក្រោយពីបញ្ចប់កម្មវិធីបណ្ដុះបណ្ដាលនេះ មន្ត្រីទាំងនោះនឹងមានជំនាញពិតប្រាកដ ក្លាយជាធនធានមនុស្សដ៏សំខាន់សម្រាប់ស្ថាប័ន លើការផ្ដល់សេវាស្រាវជ្រាវ និងវិភាគទាក់ទងនឹងបញ្ហាថវិកា ដែលជាជំនួយផ្នែកបច្ចេកទេសដ៏សំខាន់សម្រាប់ការអនុវត្តមុខងារត្រួតពិនិត្យរបស់សភា” ។

បន្ទាប់ពីសុន្ទរកថាបើកសិក្ខាសាលារបស់ ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ក៏មានការធ្វើបទបង្ហាញជាបន្តបន្ទាប់របស់ លោកស្រី Emmanuelle Lavie ជាប្រធានផ្នែកកិច្ចសហប្រតិបត្តិការអន្តរជាតិនៃរដ្ឋសភាបារាំង ក្នុងការអនុវត្តន៍មុខងារត្រួតពិនិត្យរបស់ខ្លួន ជាពិសេសចាប់ពីពេលដែលមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបារាំងឆ្នាំ២០០៨ ដែលអនុញ្ញាត្តឲ្យអ្នកនយោបាយ តំណាងឲ្យទិដ្ឋភាពសង្គមផ្សេងៗរបស់បារាំង ទទួលបានសមធម៌នៃពេលវេលា និងបរិយាកាស ដើម្បីបញ្ចេញសំឡេងនៅក្នុងដំណើរការនយោបាយ ជាពិសេសការទទួលស្ដាប់មតិយោបល់ពីក្រុមសំឡេងភាគច្រើន។

បទឧទ្ទេសនាមជាបន្តមកទៀត ស្ដីពីបទពិសោធន៍របស់ស៊ុយអែត ត្រូវបាន លោកបណ្ឌិត Robin Travis ប្រធានផ្នែកច្បាប់ និងនយោបាយនៃសេវាស្រាវជ្រាវរបស់សភាស៊ុយអែត គូសបញ្ជាក់សង្ខេបពី មូលដ្ឋាននៃប្រព័ន្ធនយោបាយស៊ុយអែត និងមធ្យោបាយនៃការងារត្រួតពិនិត្យ និងតាមដាន ក្នុងនោះមានការត្រួតពិនិត្យថវិកា។ លោកបណ្ឌិត Travis ក៏បានផ្ដោតការឧទ្ទេសនាមទៅលើការងារត្រួតពិនិត្យរបស់សភាតាមរយៈ ការិយាល័យថវិកាសភា(ក.ថ.ស) ក្នុងនោះមានតួនាទី និងរបាយការណ៍ស្រាវជ្រាវរបស់ការិយាល័យថវិកាសភា ដោយផ្សារភ្ជាប់ទៅនឹងបរិបទកម្ពុជា។

ពាក់ព័ន្ធជាពិសេសជាមួយនឹងកម្មវិធីបណ្ដុះបណ្ដាលមន្រ្តីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា លើការងារការិយាល័យថវិកាសភា លោកបណ្ឌិត Travis មានប្រសាសន៍ថា៖ “គោលបំណងនៃកម្មវិធីបណ្ដុះបណ្ដាលនេះ គឺដើម្បីជួយដល់មន្ត្រីសភាទទួលបាននូវការយល់ដឹងពីថវិការដ្ឋ ការគ្រប់គ្រងហិរញ្ញវត្ថុ
សាធារណៈ ការផ្ដល់សេវាជូនគណៈកម្មការជំនាញ និងសភា ក្នុងការពិនិត្យ និងសិក្សាច្បាប់ថវិកា របស់រដ្ឋាភិបាល ព្រមទាំងបង្កើនការយល់ដឹងអំពីនីតិវិធីរៀបចំថវិកា និងការគោរពច្បាប់ថវិកា”។

កម្មវិធីសំណួរចម្លើយ បន្តពីបទឧទ្ទេសនាមទាំងពីរបានផ្ដល់ឱកាសឲ្យសមាជិកសមាជិកាសភា លើកឡើងយ៉ាងសកម្មនូវសំណួរពាក់ព័ន្ធ ដើម្បីប្រមូលផ្ដុំគំនិតសម្រាប់ការអនុវត្តក្នុងបរិបទកម្ពុជា។

 

IMG 6573 IMG 6454

 

នៅក្នុងសុន្ទរកថាបិទអង្គសិក្ខាសាលានេះ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា បានសំដែងនូវការកោតសរសើរចំពោះការចូលរួមយ៉ាងផុលផុសពីសំណាក់សមាជិកសមាជិកាសភា ដែលបង្ហាញពីការយកចិត្តទុកដាក់ចំពោះសិក្ខាសាលា តាមរយៈសំណួរជាច្រើនទាក់ទងនឹង ការឧទ្ទេសនាមពីបទពិសោធន៍របស់ប្រទេសបារាំង និងប្រទេសស៊ុយអែត ស្ដីពីវិធីសាស្ត្រផ្សេងៗនៃការអនុវត្តន៍មុខងារត្រួតពិនិត្យរបស់សភា។ ឯកឧត្តម ជា ជេដ្ឋ ក៏បានធ្វើការស្រាយបំភ្លឺបន្ថែមពីមុខងារ និងរចនាសម័ន្ធរបស់ការិយាល័យថវិកាសភានៅកម្ពុជា ដោយសំដែងការសង្ឃឹមថា មន្ត្រីសភាកម្ពុជា ដែលទទួលការបណ្ដុះបណ្ដាលជំនាញនៃកម្មវិធីការិយាល័យថវិកាសភា នឹងមានសមត្ថភាពជំនាញក្នុងការផ្ដល់សេវាស្រាវជ្រាវ និងវិភាគថវិកា ដែលជាជំនួយស្មារតីដ៏សំខាន់សម្រាប់គណៈកម្មការសភាក្នុងការអនុវត្តតួនាទីរបស់ខ្លួន ជាពិសេសទាក់ទងទៅនឹងការពិនិត្យ និងពិភាក្សាច្បាប់ថវិកា។

 4K7A4278

 

តាមរយៈសិក្ខាសាលានេះ សមាជិកសភាកម្ពុជា បានយល់ដឹងច្រើនពីរចនាសម្ព័ន្ធការងារទូទៅ និងផ្នែកសំខាន់នៃសភាបារាំង និងស៊ុយអែត ក្របខណ្ឌច្បាប់តួនាទីត្រួតពិនិត្យរបស់ក្រុមនយោបាយផ្សេងៗ ក្នុងនោះមាន គណៈបក្សប្រឆាំង និងគណៈបក្សសំឡេងភាគតិច យន្តការ និងមុខងារត្រួតពិនិត្យរបស់​​គណៈកម្មការនានា និងសមាជិកសភាម្នាក់ៗ ក្នុងការអនុវត្តច្បាប់ និងគោលនយោបាយសាធារណៈ តួនាទីរបស់គណៈកម្មការ ក្នុងដំណើរការតាក់តែងច្បាប់ និងមុខងារត្រួតពិនត្យ ទាក់ទងនឹងទិដ្ឋភាពផ្នែកថវិកា នឹងនីតិវិធីក្នុងការតែងតាំងតំណែងសំខាន់ៗ ។

ការងារត្រួតពិនិត្យរបស់សភា គ្របដណ្ដប់លើរាល់នីតិវិធិ និងមធ្យោបាយ ដែលសភាមាន ក្នុងការវិភាគ ការពិភាក្សា ការតាមដាន ដែលនឹងជួយគាំទ្រ ដល់ការងាររបស់នីតិប្រតិបត្តិ។ តាមរយៈការងារត្រួតពិនិត្យនេះ សភាដាក់ការទទួលខុសត្រូវឲ្យរដ្ឋាភិបាល ក្នុងនាមជាតំណាងរបស់ប្រជាពលរដ្ឋ។