សិក្ខាសាលាស្ដីពី ”​លក្ខខណ្ឌ​និង​មុខងាររបស់​សភាកម្ពុជា និងប្រព័ន្ធគ្រប់គ្រងរដ្ឋ៖ ក្នុងបរិបទអន្តរជាតិ​”​ បានប្រព្រឹត្តទៅ នាថ្ងៃអង្គារ ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៧ នៅ​សាលប្រជុំ​នៃ​ព្រឹទ្ធសភាកម្ពុជា​។ សិក្ខាសាលានេះ​ត្រូវបាន​រៀបចំ​ឡើងដោយ​អគ្គនាយកដ្ឋាន​ព័ត៌មាន​និង​ទំនាក់ទំនង​សាធារណៈ​នៃ​ព្រឹទ្ធសភា ​និង​ឧបត្ថម្ភ​គាំទ្រ​ដោយ​វិទ្យាស្ថាន​សភាកម្ពុជា (វ.ស.ក) ដែលមាន​អ្នក​ចូល​រួម​ចំនួន ១៥០​នាក់ រួមទាំង​បុគ្គលិក​

ព្រឹទ្ធសភា តំណាង​មកពី វ.ស.ក និង មន្រ្តីស្រាវជ្រាវ​មកពី​ សាធារណៈរដ្ឋ​ប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រទេសភូមា ម៉ាឡេស៊ី ហ្វីលីពីន និង​ថៃ។ គោលបំណង​នៃសិក្ខាសាលានេះគឺដើម្បី​ពង្រឹងនិង​ពង្រីក​ចំណេះដឹង​របស់​បុគ្គលិកសភា​​អំពីមុខងារនិង​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋនៅ​ប្រទេស​កម្ពុជា​ ដោយធ្វើការសិក្សា​ប្រៀប​ធៀប​ជាមួយ​ប្រព័ន្ធ​ផ្សេងៗ​ជុំវិញ​ពិភព​លោក​។​

នៅ​ក្នុង​សន្ទរកថា​បើក​អង្គ​សិក្ខាសាលា លោក គឹមយាត ដារ៉ារិទ្ធ នាយក​ប្រតិបត្តិ​​នៃ​វិទ្យាស្ថាន​សភា​កម្ពុជា​ បានកោតសរសើរ​​អគ្គនាយកដ្ឋាន​ព័ត៌មាន​និង​ទំនាក់ទំនង​សាធារណៈ ដែល​បាន​ផ្តោត​សំខាន់​ទៅ​លើប្រធាន​បទ​នេះ​។ លោក​បានមានប្រសាសន៍ថាសិក្ខាសាលា​នេះគឺជា​​ភស្តុ-តាងបន្ថែមទៀត ដែល​បង្ហាញពី​កិច្ច​សហប្រតិបត្តការ​យ៉ាង​ជិតស្និ​ទ្ធ​រវាង​អគ្គ​នាយកដ្ឋាន​ព័ត៌មាន​​និង​ទំនាក់​ទំនង​សាធារណៈ​នៃ​ព្រឹទ្ធសភា​ជាមួយ​ វ.ស.ក។ ហើយ​ការណ៍​នេះនៅ​តែ​ជាការ​ពិត​នៃ​គោលការណ៍នៃភាព​ជា​ម្ចាស់​ ដែល​មានន័យថា​ នៅ​ក្នុង​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស និង​ថវិកា វ.ស.ក មិន​បាន​បំផុសយក​គំនិតរបស់​ខ្លួន​ទេ​ ផ្ទុយទៅ​វិញ វ.ស.ក បានឆ្លើយ​តប​ទៅ​តាម​សំណើ​​និង​កិច្ច​ផ្ដួចផ្ដើម​ចេញពីសភាខ្លួនឯងទាំងស្រុង​​។

ជាទីបញ្ចប់ ​លោក គឹមយាត ដារ៉ារិទ្ធ បានកោតសរសើរចំពោះ​​កិច្ចខិតខំប្រឹងប្រែង​របស់​បុគ្គលិក​សភា ព្រមទាំងបានជំរុញ​អ្នកចូលរួម​ទាំងឡាយ​ឲ្យ​ចូលរួមពិភាក្សា​យ៉ាង​សកម្ម​លើប្រធាន​បទ​នៃ​សិក្ខាសាលា​នេះ ដើម្បី​យល់ឲ្យបាន​កាន់តែស៊ីជម្រៅ​ និង​រៀន​សូត្រអំពី​បញ្ហា​ផ្សេ-ងៗគ្នា​​ និង​បញ្ហាប្រឈម​ទាំង​ឡាយ​ដើម្បី​រកឲ្យឃើញ​នូវ​អនុសាសន៍​ល្អៗ​ពាក់​ព័ន្ធ​នឹង​តួនាទី​បច្ចុប្បន្ន​របស់​ខ្លួន​។ ការណ៍​នេះនឹង​បង្កើន​លទ្ធភាព​ក្នុង​ការផ្ដល់​សេវា​ដល់​សមាជិកព្រឹទ្ធសភា​ឲ្យបានកាន់តែ​ប្រសើរឡើង​ ក្នុងការ​បំពេញ​មុខងារ​ទាំង​បីរបស់សភា៖ មុខងារ​តំណាង នីតិកម្ម និង មុខងារតាមដានការអនុវត្តន៍ច្បាប់​។

បន្ទាប់ពីបើក​អង្គ​សិក្ខាសាលា លោក មូសារ អ៊ីស្សាម អ្នកគ្រប់គ្រង​ផ្នែក​ស្រាវជ្រាវនៃ វ.ស.ក បាន​ធ្វើបទបង្ហាញ​ពី​របៀប​អនុវត្ត​មុខងារចំបងទាំងបី​របស់​សមាជិក​សភាកម្ពុជា​និង​សភាផ្សេ-ងៗទៀត​។ លោក​ក៏បាន​ពណ៌នាអំពី​ប្រព័ន្ធ​គ្រប់គ្រងរដ្ឋ​និង​ប្រព័ន្ធបោះឆ្នោត​​ផ្សេងៗទៀង​ផង​ដែរ ប្រព័ន្ធនីមួយៗខុសគ្នា​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ទៀត​ អាស្រ័យទៅ​លើ​បរិបទ​ប្រវត្តិសាស្រ្ត សង្គម នយោបាយ​ និង​វប្បធម៌​រៀងៗខ្លួន​។

បន្ទាប់​ពី​បទ​បង្ហាញ​នេះ ឯ.ឧ ប៊ុន វុទ្ធា អគ្គនាយក​សេវា​ច្បាប់​ និង​សមូហភាព​ដែនដី បាន​លើក​ឡើង​នូវ​មូលដ្ឋានគ្រឹះ​នៃ​ប្រតិបត្តការ​ និង​នីតិវិធី​មួយ​ចំនួននៃ​ព្រឹទ្ធសភា​កម្ពុជា​ ព្រមទាំង​សាវតានៃ​ប្រព័ន្ធ​សភា​កម្ពុជា​ ដែល​បាន​វិវឌ្ឍ​ន៍​ចាប់តាំង​ពី ​ឆ្នាំ​១៩៤៧​មក។ លោកក៏បាន​បង្ហាញអំពី​រចនា​សម្ព័ន្ធ​នៃ​ព្រឹទ្ធសភា​​និង​អគ្គលេខាធិការដ្ឋាន និង​ក្រុម​ផ្សេងៗទៀតនៅ​ក្នុង​ព្រឹទ្ធសភា​ និង​សេវាខុសៗ​គ្នាដែល​ក្រុមនីមួយ​ផ្ដល់ជូន​ដែរ​។

នៅក្នុង​មតិបិទ​អង្គ​សិក្ខាសាលា ឯ.ឧ អ៊ុំ សារឹទ្ធ អគ្គលេខាធិការ​ព្រឹទ្ធសភា បាន​ថ្លែង​អំណរគុណជា​ពិសេស​ដល់ វ.ស.ក ដែល​បាន​ចូលរូលរួមចំណែក​ក្នុង​ប្រ​ធាន​បទ​នេះ​៖ លោកមានប្រសាសន៍ថា “ទោះបី​ជា​មាន​ប្រព័ន្ធ​ផ្សេងៗ​គ្នា​និង​ការ​អនុវត្តន៍​ល្អ​ៗ​ទាំង​ឡាយ​ដែល​ត្រូវ​សិក្សា​រៀនសូត្រ​ក៏ដោយ ក៏​ពុំមាន​គំរូ​ណាមួយ​ល្អឥតខ្ចោះ​ ដែល​អាច​ចម្លង​ពី​ប្រទេស​ឬពី​ប្រព័ន្ធ​មួយទៅប្រទេស​ឬ​ប្រព័ន្ធ​មួយ​ទៀត​បាន​ឡើយ​។” “សមត្ថភាព​របស់​បុគ្គលិក​សភា​អាចសម្រេចបាន​តែតាម​រយៈ​ការ​រៀនបណ្ដើអនុវត្ត​បណ្ដើ​ និង​តាមរយៈ​ការ​ចែក​រំលែក​បទពិសោធន៍​​​ប៉ុណ្ណោះ​។”

ឯ.ឧ អ៊ុំ សារឹទ្ធ បាន​មាន​ប្រសាសន៍​បន្ថែម​ថា សិក្ខាសាលា​ប្រភេទ​នេះ​អាចជួយ​បុគ្គលិក​សភា​ឲ្យធ្វើការកាន់តែ​ប្រសើរឡើងតាម​រយៈ​ការ​យល់ឲ្យកាន់តែ​ច្បាស់​ពី​មុខងារ​របស់​ខ្លួន​ ការអនុវត្ត-ន៍ការងារ​របស់ខ្លួន និង​ការគ្រប់គ្រងថវិកា និងនីតិវិធីទាំងឡាយ​ដែល​គេ​ត្រូវ​តែអនុវត្ត​តាម​។

ពេលវេលា​សំណួរ​ចម្លើយ​បាន​ផ្ដល់​ឲ្យបុគ្គលិក​សភានូវ​ឱកាស​សួរ​សំណួរទាំង​ឡាយ ដែល​សំខាន់​បាន​ផ្ដោត​ទៅ​លើ​មុខងារ​តាមដាន​ ការ​បែង​ចែក​អំណាច របៀប​នៃ​ការ​ផ្ដល់ព័ត៌មាន​អំពី​សកម្មភាព​របស់​សមាជិក​សភា​ទៅ​ដល់​សាធារណៈជន​ និង​សារៈសំខាន់​នៃ​ការ​ចូលរួម​របស់​សាធារណៈជននៅក្នុង​សភា​ក្នុង​សភា​ប្រជាធិបតេយ្យ​។

Seminar of Senate function