សិក្ខាសាលាស្ដីពី “ផលប៉ះពាល់ និងយន្តការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ នៅប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និង ថៃ” ត្រូវបានធ្វើឡើងនៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៨។ ព្រឹត្តិការណ៍នេះសហការរៀបចំដោយវិទ្យាស្ថានសភាកម្ពុជា និង អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជា។

នៅក្នុងសិក្ខាសាលានេះមានអ្នកចូលរួមចំនួន១២០នាក់ រួមមានអគ្គលេខាធិការសភាកម្ពុជា បុគ្គលិកសភាមកពីប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និង ថៃ អ្នកតំណាងមកពីដៃគូអភិវឌ្ឍន៍មកពីអង្គការអន្តរជាតិ និងស្ថានទូតប្រចាំនៅរាជធានីភ្នំពេញ។


បន្ទាប់ពីកម្មវិធីបើកអង្គសិក្ខាសាលា អ្នកស្រាវជ្រាវសភាមកពីកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងថៃ បានធ្វើបទបង្ហាញឯកសារស្រាវជ្រាវ របស់ខ្លួន ដោយផ្ដោតលើប្រាំចំណុចនៃផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ទៅលើវិស័យផ្សេងៗដូចជា៖


1-ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ទៅលើកសិកម្ម
2-ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ទៅលើធនធានទឹក
3-ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ទៅលើសុខភាព
4-ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ទៅលើគ្រោះធម្មជាតិ
5-គោលនយោបាយ និង យុទ្ធសាស្រ្តដើម្បីកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ


បន្ទាប់ពីការធ្វើបទបង្ហាញរបស់អ្នកស្រាវជ្រាវ ក៏មានការពិភាក្សាជាបន្តបន្ទាប់ដែលសម្របសម្រួលដោយគ្រូបង្ហាត់ផ្នែកស្រាវជ្រាវ ជាន់ខ្ពស់អំពីកិច្ចការសភា។ ឯ.ឧ អ៊ុំ សារិទ្ធ អគ្គលេខាធិការនៃព្រឹទ្ធសភាកម្ពុជា បានមានប្រសាសន៍ថា ព្រិត្តិការណ៍នេះជានិមិត្តរូប នៃកិច្ចសហប្រតិបត្តិការដ៏ជ្រាលជ្រៅរវាងសមាជិកអន្តរសភាអាស៊ាន (AIPA) និង វិទ្យាស្ថានសភាកម្ពុជា ក្នុងការកសាងសមត្ថភាព របស់បុគ្គលិកសភា។ ឯកឧត្ដមអគ្គលេខាធិកាក៏បានលើកសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមអ្នកស្រាវជ្រាវទាំងអស់ ដោយ មានប្រសាសន៍ថា “ព័ត៌មានដែលសិក្ខាកាមស្រាវជ្រាវលើកមកបង្ហាញនៅក្នុងសិក្ខាសាលាថ្ងៃនេះ មានលក្ខណៈច្បាស់លាស់ និង ត្រឹមត្រូវ។ មូលហេតុ ប្រសិទ្ធភាព គោលនយោបាយ និងយុទ្ធសាស្រ្តក្នុងការកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ នៅក្នុងប្រទេសទាំងបួន ត្រូវបានបកស្រាយយ៉ាងល្អ”។
 

ឯកឧត្ដមក៏បានសង្កត់ធងន់ថា ព័ត៌មានដែលមានលក្ខណៈត្រឹមត្រូវ ថ្មី ទាន់ហេតុការណ៍ និងដែលស្រាវជ្រាវបានល្អគឺសំខាន់ ណាស់ សម្រាប់ជួយឲ្យសភាអនុវត្តមុខងារនីតិកម្ម មុខងារតាមដាន/ត្រួតពិនិត្យ និងមុខងារតំណាងរបស់ខ្លួនប្រកបដោយ ប្រសិទ្ធភាព។”

 

ឯកឧត្ដមបានបន្ថែមទៀតថា សមាជិកសភាត្រូវតែទទួលបានព័ត៌មានដើម្បីដឹងអំពីបញ្ហាទាំងឡាយ ដើម្បីលើក ជាសំណួរត្រឹមត្រូវទៅកាន់មនុស្សដែលត្រូវសួរ និងត្រូវពេលវេលា។ ធ្វើដូចនេះ ពួកគាត់អាចផ្សាភ្ជាប់ បានយ៉ាងប្រសើរ ទៅនឹងដំណើរការនយោបាយ។ មូលហេតុនេះ សភាត្រូវតែមានក្រុមស្នូលនៃអ្នកស្រាវជ្រាវដែលទទួលបានការបណ្ដុះបណ្ដាលល្អ និងមានសមត្ថភាព ដើម្បីជួយគាំទ្រពួកគាត់ តាមរយៈការស្រាវជ្រាវបែបអព្យាក្រឹត ដោយផ្អែកលើហេតុការណ៍ជាក់ស្ដែង និងបែបវិភាគ។


 
លោកនាយកប្រតិបត្តិនៃវិទ្យាស្ថានសភាកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្ដៅដល់អ្នកចូលរួម ព្រមទាំង ភ្ញៀវកិត្តិយសទាំងអស់។ លោកនាយកបានសង្កត់ធ្ងន់ថា “សិក្ខាសាលាថ្ងៃនេះគឺជាការម្រេចបានសមិទ្ធិផលនៃការសិក្សាស្រាវជ្រាវកិច្ចការសភារបស់ អ្នកស្រាវជ្រាវសភាក្នុងតំបន់ដែលមានកម្ពុជា ឡាវ មីយ៉ាន់ម៉ា និង ថៃ។ ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៧ រហូតដល់ ថ្ងៃនេះ ពួកគាត់មិនត្រឹមតែបានកសាងជំនាញស្រាវជ្រាវសភាជាមូលដ្ឋានប៉ុណ្ណោះទេ ថែមទាំងបានចែករំលែកចំណេះដឹងនិង បទពិសោធន៍ ផងដែរ”។


លោកនាយកប្រតិបត្តិបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អ្នកជំនាញជាតិនិងអន្តរជាតិ ដែលបានជួយគាំទ្រអ្នកស្រាវជ្រាវ ក្នុងការផ្ដល់គំនិតយោបល់ទៅលើឯកសារស្រាវជ្រាវរបស់ពួកគាត់អំពីបញ្ហានៃការប្រែប្រួលអាកាសធាតុ។ លោកនាយកប្រតិបត្តិ នៃវិទ្យាស្ថានសភាកម្ពុជា ក៏បានមានប្រសាសន៍ផងដែរថា កម្មវិធីអាហាររូបករណ៍ថ្នាក់តំបន់នេះបានរួមបញ្ចូលការអភិវឌ្ឍន៍ ចំណេះដឹងនិងសមត្ថភាពសម្រាប់បុគ្គលិករបស់សមាជិកសភានៃអន្តរសភាអាស៊ាន (AIPA) ផងដែរ។ លោកក៏បានថ្លែង អំណរគុណ ដល់សភាកម្ពុជា ឡាវ មីយ៉ាន់ម៉ា និង ថៃ និងក្រុមប្រឹក្សានាយក PIC ដែលតែងតែបានគាំទ្រនិងចូលរួមយ៉ាងសកម្ម នៅក្នុងព្រឹត្តិការណ៍បែបនេះ។


លោកនាយកប្រតិបត្តិក៏បានលោកឡើងផងដែរថា “អាណត្តិនៃ វ.ស.ក បានបញ្ជាក់កាន់តែច្បាស់ថែមទៀតដោយសេចក្ដីសម្រេច របស់ AIPA ស្ដីពីកម្មវិធីអភិវឌ្ឍន៍សម្ថភាពសម្រាប់បុគ្គលិករបស់សមាជិកសភា AIPA ជាមួយ វ.ស.ក ដែលបានអនុម័តនៅ ក្នុងមហាសន្និបាទលើកទី៣៧នៃAIPA នៅទីក្រុងណាយពីដោ ប្រទេសមីយ៉ាន់ម៉ា នៅខែកញ្ញា ឆ្នាំ២០១៦។”