នាថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០១៨ វិទ្យាស្ថានសភាកម្ពុជា (វ.ស.ក) បានរៀបចំកិច្ចស្វាគមន៏ មន្រ្តីមកពីសភាតំបន់ចំនួន ១៥ រូប រួមមានមកពីសភាកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងថៃ ដែលចូលរួមកម្មវិធីអាហារូបករណ៍ថ្នាក់តំបន់ ផ្នែក​ការស្រាវជ្រាវកិច្ចការសភា សម្រាប់រយៈពេលចាប់ពីថ្ងៃ០២ ខែកក្កដា ដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ។

កម្មវិធីអាហារូបករណ៍ថ្នាក់​តំបន់នេះត្រូវបានផ្តួចផ្តើមក្នុងឆ្នាំ ២០១៥ ក្នុងគោលបំណងផ្តល់ឱកាសដល់មន្រ្តី នៃសភាតំបន់ដែល ជាសមាជិករបស់អាយប៉ា បានចូលរួមការ​បណ្តុះបណ្តាល និងហ្វឹកហ្វឺនជំនាញ​ស្រាវជ្រាវសភា រយៈពេល ៦ ខែនៅ វ.ស.ក ​​។ គំនិតផ្តួចផ្តើមនេះគឺជា ផ្នែកមួយនៃកម្មវិធីចែករំលែកចំណេះដឹងទៅតាមតម្រូវការរបស់សភា ​សំដៅរួមចំណែកពង្រឹង សមត្ថភាពរបស់មន្រ្តីសភា ។

ក្នុងអំឡុងពេលនៃកិច្ចស្វាគមន៍មន្រ្តីសភាតំបន់  លោកស្រី សូនី ហ្វែរណង់ដែស នាយិកាផ្នែកប្រតិបត្តិការ និងជានាយិកា ប្រតិបត្តិស្តីទីរបស់ វ.ស.ក បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះមន្រ្តីសភាតំបន់ទាំងអស់ ដោយបានគូសបញ្ជាក់ពីគោល បំណងនៃកម្មវិធីអាហារូបករណ៍នេះ ដែលមិនត្រឹមតែដើម្បីបណ្តុះបណ្តាល និងពង្រឹងជំនាញផ្នែកស្រាវជ្រាវសភាប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីបង្កើតឲ្យមាននូវយន្តការចែករំលែកព័ត៌មាន និងចំណេះដឹងក្នុងចំណោមសភានៃប្រទេសជាសមាជិកអាស៊ានផងដែរ ​។ លោកស្រីក៏បានមានប្រសាសន៍បន្ថែម​ថា មន្រ្តីដែលចូលរួមកម្មវិធីនេះនឹងមានឱកាសទទួលបានអត្ថប្រយោជន៍ពីអ្នកជំនាញ ក៏ដូចជាឱកាសពង្រឹង​​ទំនាក់ទំនងអន្តរបុគ្គលផង​ដែរ ​​។

លោកស្រី​​បណ្ឌិត ពៅ រតនា នាយិកាផ្នែកកសាងសមត្ថភាពស្រាវជ្រាវសភា បានពន្យល់ដល់មន្រ្តីទាំងអស់ពី​គោលបំណង នៃកម្មវិធីបណ្តុះបណ្តាល ​។ លោកស្រីបានបញ្ជាក់ថា ប្រធានបទនៃការ​ស្រាវជ្រាវសម្រាប់វគ្គនេះ គឺផ្តោតទៅលើ យេនឌ័រ ។ ការវាយតម្លៃការចូលរួមរបស់មន្រ្តីក្នុងកម្មវិធីនេះ មិនត្រឹមតែផ្តោតលើសមត្ថភាពដែលទាក់ទងនឹងជំនាញ​ស្រាវជ្រាវរបស់ ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើជំនាញទំនាក់ទំនងអន្តរបុគ្គល ដូចជា ការបំពេញការងារជាក្រុម ភាពឧស្សាហ៍ព្យាយាម និងភាពជាអ្នកដឹកនាំជាដើម ​។ ក្នុងអំលុងពេលសិក្សានៅកម្ពុជា មន្រ្តីទាំងអស់នឹងទទួលបានការណែនាំ និងហ្វឹកហ្វឺនដោយ ផ្ទាល់ពីប្រធានក្រុមការងារ នៃក្រុមអ្នកបណ្តុះបណ្តាលរបស់ វ.ស.ក ។

លោកស្រី គង់ គន្ធា អ្នកសម្របសម្រួលកិច្ចការ​ទំនាក់ទំនងសភា បានជម្រាបដល់មន្រ្តីសភាតំបន់ទាំងអស់ពីសកម្មភាពជារួម នៃកម្មវិធីអាហារូបករណ៍នេះ ជាពិសេសអំពី​សកម្មភាពដែលមន្រ្តីទាំងអស់ត្រូវចូលរួមនៅក្នុង   សប្តាហ៍នៃការផ្ដល់​ព័ត៌មានបឋម ​​។ លោកស្រីបានគូសបញ្ជាក់ថា គោលបំណងនៃការ​រៀបចំកម្មវិធី​ផ្ដល់ព័ត៌មានបឋមនេះ​គឺជា ឱកាសមួយដែលមន្រ្តីសភាតំបន់ បានស្វែងយល់កាន់តែច្បាស់អំពី វ.ស.ក​ អំពីរដ្ឋសភា និងព្រឹទ្ធសភាកម្ពុជា ក៏ដូចជាពីប្រវត្តិសាស្រ្ត និងវប្បធម៌របស់ប្រទេសកម្ពុជា តាមរយៈការធ្វើទស្សនកិច្ចសិក្សានៅរដ្ឋសភា និងព្រឹទ្ធសភា ព្រមទាំងនៅតំបន់រមណីយដ្ឋានវប្បធម៌ និងប្រវត្តិសាស្រ្តមួយចំនួន នៅរាជធានីភ្នំពេញ ។