នាថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០១៨ វិទ្យាស្ថានសភាកម្ពុជា (វ.ស.ក) បានរៀបចំសិក្ខា សាលាមួយស្តីពី "សន្តិភាពនិងសន្តិសុខនៅលើឧបទ្វីបកូរ៉េ" ដោយសហការជាមួយ លោក​បណ្ឌិត Bernd Schaefer សាស្ត្រាចារ្យ​មកពីនាយកដ្ឋានអាល្លឺម៉ង់នៃ សាកលវិទ្យាល័យចចវ៉ាស៊ីនតោន (Washington DC) ។

លោក បណ្ឌិត Schaefer ជាអ្នក​ជំនាញ​ប្រវត្តិសាស្ត្រអន្ដរជាតិ សង្រ្គាមត្រជាក់ ប្រវត្តិសាស្រ្តអាល្លឺម៉ង់និងទំនាក់ទំនងអន្តរជាតិ នាសតវត្សទី ២០។​សិក្ខាសាលានេះត្រូវបានផ្សារភ្ជាប់ទៅនឹងអាណត្តិរបស់ វ.ស.ក ដើម្បីលើកកម្ពស់ចំណេះដឹងនិង ការផ្លាស់ប្តូរបទពិសោធន៍តាមរយៈការអញ្ជើញអ្នកជំនាញ និង អ្នកឯកទេសការ​លើប្រធានបទទាក់ទងនឹងការទូតនិងទំនាក់ទំនង អន្តរជាតិដែលជាផ្នែកមួយនៃកម្មវិធីបណ្ដុះបណ្ដាលស្តីពីការទូតសភា (PDTP) ។

អ្នកចូលរួមចំនួន ៤០ នាក់ បានចូលរួមក្នុង​សិក្ខាសាលានេះ​ រួមមានអ្នកស្រាវ​ជ្រាវ​មកពីក្នុងតំបន់ដែលមក​ពីសភាកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងថៃ សិក្ខាកាមនៃកម្មវិធីបណ្ដុះបណ្ដាលស្តីពីការទូតសភា មន្ត្រីមកពីក្រសួងការបរទេសនិងសហប្រតិបត្តិការ អន្តរជាតិ និងបុគ្គលិកនៃ​ វ.ស.ក​។ គោលបំណងនៃសិក្ខាសាលា​នេះគឺដើម្បីកសាងចំណេះដឹងនិងចែករំលែកការយល់ដឹង ជាមួយអ្នកចូលរួមទាំង​អស់​អំពីទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងជើង និងកិច្ចពិភាក្សាជុំវិញការលុបបំបាត់អាវុធ នុយក្លេអ៊ែរ នៅឯកិច្ចប្រជុំកំពូលប្រទេសសិង្ហបុរី នៅខែមិថុនាឆ្នាំ ២០១៨។​

លោក​បណ្ឌិត Schaefer បានចាប់ផ្តើមការបង្រៀនជាមួយ​នឹង​សំណួរដូចតទៅ៖ "តើកិច្ចប្រជុំកំពូលដែលមិនធ្លាប់មានពីមុនមក រវាងលោកប្រធានាធិបតី Donald Trump និងលោក​ប្រធាន គឹម ជុងអ៊ុន នៅក្នុងប្រទេសសិង្ហបុរី នៅថ្ងៃទី ១២ ខែមិថុនាឆ្នាំ ២០១៨ បានបង្ហាញពីរបកគំហើញជាប្រវត្តិសាស្ត្រចំពោះបរិយាកាសសន្តិសុខនៃតំបន់អាស៊ីឦសាន និងការរំពឹងទុកនៃសន្តិភាព ពិតប្រាកដលើឧបទ្វីបកូរ៉េនៅពេលចុងក្រោយឬទេ? បន្ទាប់មកលោកបានពិភាក្សាពីកិច្ចប្រជុំកំពូលសិង្ហបុរី និងតួអង្គសំខាន់ៗ នៅជុំវិញពិភពលោកដូចជាសហរដ្ឋអាមេរិក ចិន កូរ៉េខាងត្បូង កូរ៉េខាងជើង និងទីភ្នាក់ងារអន្តរកូរ៉េ និងទីភ្នាក់ងារចិន ក៏ដូចជា គោលនយោបាយពាក់ព័ន្ធនានាដូចជា "សម្ពាធអតិបរិមា" របស់​អាមេរិក និង "ការលប់បំបាត់​នុយក្លេអ៊ែរទាំងស្រុង ដែល​អាច​ជឿជាក់បាន និងដែលមិនអាចបង្កើតឡើងវិញបាន​ (Complete, Verifiable and Irreversible Denuclearization-CVID)”​។ ក្រោយពីព្រឹត្តិការណ៍នេះលោកបណ្ឌិត Schaefer បានមានប្រសាសន៍ថា ​"អ្នកចូលរួមមានការយកចិត្តទុកដាក់ និងបាន​លើកឡើងពីសំនួរល្អ​ៗ មួយចំនួន"​៕