វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) និង វិទ្យាស្ថានសភាកម្ពុជា (PIC) ដែល រៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ក្នុងការស្រាវជ្រាវផ្នែកគោលនយោបាយ និងការអភិវឌ្ឍសមត្ថភាពរួមគ្នា។​ ពិធីចុះហត្ថលេខានេះ ប្រព្រឹត្តទៅនៅ វិទ្យាស្ថាន CDRI ថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២០ ម៉ោង ៤ ល្ងាច។

វិទ្យាស្ថាន CDRI និង PIC បានយល់ព្រមចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នានេះ ដែលអនុញ្ញាតឲ្យភាគីទាំងពីរ អាចធ្វើការជាមួយគ្នា ដើម្បីសម្រេចគោលបំណងនានា ដោយកំណត់នូវទំនាក់ទំនងការងារ និងធ្វើកិច្ចសហប្រតិបត្តិការរួមគ្នាទាក់ទងនឹងការស្រាវជ្រាវផ្នែកគោលនយោបាយ ច្បាប់ ប្រធានបទស្រាវជ្រាវនានា និង​ការអភិវឌ្ឍសមត្ថភាព ក្នុងវិស័យដែលភាគីទាំងសងខាងមានការយកចិត្តទុកដាក់ ដែលអាច រួមមាន៖

  • ផ្លាស់ប្តូរការស្រាវជ្រាវរវាង CDRI និង PIC
  • អនុវត្តសកម្មភាពស្រាវជ្រាវ និងធ្វើការបោះពុម្ពផ្សាយ
  • រៀបចំរួមគ្នា និងចូលរួមសិក្ខាសាលា សន្និសីទ ការបំភ្លឺរបស់ជំនាញការ និងសកម្មភាពពាក់ព័ន្ធផ្សេងៗទៀត
  • ផ្លាស់ប្តូររវាងគ្នាទៅវិញទៅមកនូវឯកសារសិក្សា និងឯកសារស្រាវជ្រាវ ព័ត៌មានផ្សេងៗ និងសកម្មភាពស្រាវជ្រាវនានា ដែលភាគីទាំងពីរយល់ថា សមស្របតាមអាណត្តិ និងគោលនយោបាយរបស់ភាគីទាំងពីរ។

វិទ្យាស្ថាន CDRI ជាមជ្ឈមណ្ឌលស្រាវជ្រាវដ៏ឆ្នើម ឯករាជ្យ រឹងមាំ មានគំនិតថ្មី ដើម្បីជះឥទ្ធិពល​ផ្នែក​​​គោល​​នយោបាយ អភិវឌ្ឍ​ប្រទេស​​កម្ពុជា។ វិទ្យាស្ថាន CDRI ខំប្រឹងប្រែងធ្វើការស្រាវជ្រាវដែលមានលក្ខណៈឯករាជ្យ មានគុណភាពខ្ពស់ និងជាប់ទាក់ទងល្អដល់គោលនយោបាយអភិវឌ្ឍន៍ ដើម្បីជួយឲ្យអ្នកកសាង​គោលនយោបាយ អ្នកមាន​ឥទ្ធិពល​ និងអ្នកពាក់ព័ន្ធនានា យកលទ្ធផលស្រាវជ្រាវមកប្រើបានច្រើនជាអតិបរមា។

វិទ្យាស្ថាន PIC បង្កើតឡើងនៅឆ្នាំ២០១១ តាមការស្នើសុំរបស់សមាជិក សមាជិកាសភា និងអគ្គលេខាធិការដ្ឋានសភាកម្ពុជា។ វិទ្យាស្ថាន PIC មានបេសកកម្ម ២ គឺ ១) រួមចំណែកពង្រឹងសមត្ថភាពរបស់មន្ត្រី​ និងសមាជិក សមាជិកាសភា និង ២) ជំរុញឲ្យមានការចែករំលែកបទពិសោធន៍ និងការអនុវត្តល្អរបស់សភាទាំងក្នុងតំបន់ និងអន្តរជាតិ។

 ទាញយកសេចក្តីប្រកាស់ព័ត៌មានជាភាសាខ្មែរ

 Download the Joint Press Release in English